លេវីវិន័យ 19:21-27 KHOV

21 ហើយ​ប្រុស​នោះ​ត្រូវ​យក​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ គឺ​ជា​ចៀម​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង

22 នោះ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ចៀម​ឈ្មោល​នៃ​ដង្វាយ ដោយ​ព្រោះ​ការ​រំលង​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​ទ្រង់​នឹង​អត់​ទោស​ចំពោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត។

23 កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​នៅ​ក្នុង​ស្រុក ហើយ​បាន​ដាំ​ដើម​ឈើ​គ្រប់​មុខ​ឲ្យ​មាន​ផ្លែ​បរិភោគ នោះ​ត្រូវ​ឲ្យ​រាប់​ផ្លែ​ឈើ​នោះ ទុក​ដូច​ជា​មនុស្ស ដែល​មិន​កាត់​ស្បែក គឺ​ត្រូវ​រាប់​ទុក​ដូច​ជា​មិន​បាន​កាត់​ស្បែក​អស់​រវាង​៣​ឆ្នាំ មិន​ត្រូវ​បរិភោគ​ផ្លែ​នោះ​ឡើយ

24 តែ​ដល់​ឆ្នាំ​ទី​៤ ផ្លែ​ឈើ​ទាំង​នោះ​នឹង​បាន​បរិសុទ្ធ​វិញ សំរាប់​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​អរ​សប្បាយ

25 លុះ​ដល់​ឆ្នាំ​ទី​៥ នោះ​នឹង​បរិភោគ​បាន នេះ​ដើម្បី​ដើម​ឈើ​ទាំង​នោះ​បាន​ចំរើន​ផល​ផ្លែ​ឲ្យ​ឯង​រាល់​គ្នា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

26 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​សាច់​ណា​ដែល​ជាប់​មាន​ទាំង​ឈាម​ផង​នោះ​ឡើយ មិន​ត្រូវ​ប្រើ​របៀន​របស់​គ្រូ​អង្គុយ​ធម៌ ឬ​មើល​នក្ខត្ត‌ឫក្ស​ផង

27 មិន​ត្រូវ​កោរ​ក្រឡឹង​សក់​ក្បាល​ជុំវិញ ឬ​កាត់​ដំរឹម​ពុក‌ចង្កា​របស់​ឯង​ឡើយ