20 ឬបើមនុស្សណារួមដំណេកជាមួយនឹងប្រពន្ធរបស់ឪពុកធំ ឬឪពុកមា នោះឈ្មោះថាបានបើកកេរខ្មាសរបស់ឪពុកធំឬមាខ្លួនហើយ អ្នកទាំង២នោះនឹងត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួន គេនឹងស្លាប់ទៅឥតមានកូន
21 បើមនុស្សណាយកប្រពន្ធរបស់បង ឬរបស់ប្អូនខ្លួន នោះគឺជាការស្មោកគ្រោកហើយ អ្នកនោះបានបើកកេរខ្មាសបង ឬប្អូនខ្លួន គេនឹងនៅឥតមានកូនឡើយ។
22 ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាកាន់អស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់អញ ព្រមទាំងប្រព្រឹត្តតាមផង ក្រែងស្រុកដែលអញនាំឯងរាល់គ្នាចូលទៅនៅនោះ បានក្អួតឯងចេញដែរ
23 មិនត្រូវឲ្យដើរតាមអស់ទាំងទំនៀមរបស់សាសន៍ទាំងប៉ុន្មាន ដែលអញបណ្តេញពីមុខឯងរាល់គ្នាចេញឡើយ ដ្បិតគេបានប្រព្រឹត្តអំពើទាំងនោះហើយ បានជាអញខ្ពើមឆ្អើមដល់គេ
24 តែអញបានប្រាប់ឯងរាល់គ្នាហើយថា ឯងរាល់គ្នានឹងទទួលស្រុករបស់គេទុកជាមរដក អញនឹងឲ្យស្រុកនោះទៅជាកេរអាករដល់ឯងរាល់គ្នា ជាស្រុកដែលមានទឹកដោះ ហើយនឹងទឹកឃ្មុំហូរហៀរ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបានញែកឯងចេញពីអស់ទាំងសាសន៍ដទៃហើយ
25 ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាចេះសំគាល់សត្វជើង៤ ដែលស្អាត និងសត្វដែលមិនស្អាត ហើយសត្វស្លាបដែលមិនស្អាត និងសត្វស្លាបដែលស្អាតចុះ មិនត្រូវឲ្យនាំខ្លួនទៅជាស្មោកគ្រោកដោយសត្វជើង៤ ឬសត្វស្លាប ឬសត្វលូនវារនៅដី ដែលអញបានញែកចេញពីឯងរាល់គ្នា ទុកជាមិនស្អាតនោះឡើយ
26 ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធដល់អញ ដ្បិតអញនេះ គឺព្រះយេហូវ៉ា អញបរិសុទ្ធ ហើយអញបានញែកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ដទៃ ដើម្បីឲ្យបានជារបស់ផងអញវិញ។