23 មិនត្រូវឲ្យដើរតាមអស់ទាំងទំនៀមរបស់សាសន៍ទាំងប៉ុន្មាន ដែលអញបណ្តេញពីមុខឯងរាល់គ្នាចេញឡើយ ដ្បិតគេបានប្រព្រឹត្តអំពើទាំងនោះហើយ បានជាអញខ្ពើមឆ្អើមដល់គេ
24 តែអញបានប្រាប់ឯងរាល់គ្នាហើយថា ឯងរាល់គ្នានឹងទទួលស្រុករបស់គេទុកជាមរដក អញនឹងឲ្យស្រុកនោះទៅជាកេរអាករដល់ឯងរាល់គ្នា ជាស្រុកដែលមានទឹកដោះ ហើយនឹងទឹកឃ្មុំហូរហៀរ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបានញែកឯងចេញពីអស់ទាំងសាសន៍ដទៃហើយ
25 ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាចេះសំគាល់សត្វជើង៤ ដែលស្អាត និងសត្វដែលមិនស្អាត ហើយសត្វស្លាបដែលមិនស្អាត និងសត្វស្លាបដែលស្អាតចុះ មិនត្រូវឲ្យនាំខ្លួនទៅជាស្មោកគ្រោកដោយសត្វជើង៤ ឬសត្វស្លាប ឬសត្វលូនវារនៅដី ដែលអញបានញែកចេញពីឯងរាល់គ្នា ទុកជាមិនស្អាតនោះឡើយ
26 ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធដល់អញ ដ្បិតអញនេះ គឺព្រះយេហូវ៉ា អញបរិសុទ្ធ ហើយអញបានញែកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ដទៃ ដើម្បីឲ្យបានជារបស់ផងអញវិញ។
27 មនុស្សប្រុស ឬស្រីណាដែលធ្វើជាគ្រូខាប ឬជាគ្រូមន្តគាថា នោះត្រូវសំឡាប់ចោលជាកុំខាន ត្រូវចោលគេនឹងថ្មទៅ ឈាមគេត្រូវធ្លាក់លើគេវិញ។