1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2 ចូរប្រាប់ដល់អើរ៉ុន និងពួកកូនលោក ឲ្យគេរក្សាខ្លួនចំពោះដង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដល់អញ ដើម្បីកុំឲ្យបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់អញឡើយ អញនេះជាព្រះយេហូវ៉ា
3 ចូរប្រាប់គេថា អ្នកណាក្នុងពូជឯងរាល់គ្នា នៅអស់ទាំងដំណតរៀងទៅ ដែលជាប់មានសេចក្ដីមិនស្អាតណា ក៏ចូលមកឯដង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់ចេញពីមុខអញទៅ អញនេះជាព្រះយេហូវ៉ា
4 បើមនុស្សណាក្នុងពូជអើរ៉ុនកើតឃ្លង់ ឬហូរខ្ទុះ នោះមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ ដរាបដល់បានជាស្អាតសិន ឯអ្នកណាដែលពាល់ដល់មនុស្ស ដែលមិនស្អាតដោយសារខ្មោចស្លាប់ ឬមនុស្សណាដែលមានទឹកកាមចេញពីខ្លួនមក
5 ឬអ្នកណាដែលពាល់ដល់សត្វលូនវារណា ដែលនាំឲ្យខ្លួនមិនស្អាត ឬដល់មនុស្សណាដែលសេចក្ដីមិនស្អាតរបស់អ្នកនោះឆ្លងមកលើខ្លួនបាន ទោះបើមានសេចក្ដីមិនស្អាតយ៉ាងណាក៏ដោយ
6 អ្នកដែលពាល់មនុស្សយ៉ាងនោះ នឹងត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច ហើយមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ ដរាបដល់បានងូតទឹកជាមុនសិន
7 រួចកាលណាថ្ងៃលិចហើយ នោះទើបនឹងបានស្អាត ហើយនឹងបរិភោគរបស់បរិសុទ្ធបាន ដ្បិតនោះជាអាហាររបស់ផងអ្នកនោះ