9 នំទាំងនោះត្រូវបានជាចំណែកអើរ៉ុន និងពួកកូនលោក គេត្រូវបរិភោគនៅទីកន្លែងបរិសុទ្ធ ដ្បិតជារបស់បរិសុទ្ធបំផុត សំរាប់ពួកលោក ពីក្នុងអស់ទាំងដង្វាយដែលដុតថ្វាយដល់ព្រះយេហូវ៉ា តាមច្បាប់ដ៏នៅអស់កល្បជានិច្ច។
10 នៅគ្រានោះ មានកូនប្រុសរបស់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ ដែលឪពុកជាសាសន៍អេស៊ីព្ទ បានចេញទៅកណ្តាលជំនុំពួកកូនចៅអ៊ីស្រាអែល ឈ្លោះគ្នានឹងមនុស្សសាសន៍អ៊ីស្រាអែលម្នាក់នៅក្នុងទីដំឡើងត្រសាល
11 កូនរបស់ស្ត្រីសាសន៍អ៊ីស្រាអែលនោះក៏ប្រមាថដល់ព្រះនាមនៃព្រះ ព្រមទាំងជេរប្រទេចផង ដូច្នេះ គេនាំមកឯម៉ូសេ (ឯម្តាយរបស់អ្នកនោះ ឈ្មោះសឡូមិត ជាកូនឌីបរី ក្នុងពូជអំបូរដាន់)
12 ហើយគេឃុំទុក ទាល់តែព្រះយេហូវ៉ាបានមានព្រះបន្ទូលសំរេចពីដំណើរនោះ។
13 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
14 ចូរនាំអ្នក ដែលបានជេរប្រទេចនោះ ចេញទៅឯក្រៅទីដំឡើងត្រសាល ហើយអស់អ្នកដែលបានឮ នោះត្រូវដាក់ដៃលើក្បាលវា រួចត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលវានឹងថ្មទៅ
15 ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អស់អ្នកណាដែលនឹងត្រូវជេរប្រទេចដល់ព្រះនៃខ្លួន នោះត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួនទៅ