31 ឯផ្ទះទាំងប៉ុន្មានដែលនៅអស់ទាំងស្រុកឥតមានកំផែងព័ទ្ធ នោះត្រូវរាប់ទុកដូចជាស្រែចំការវិញ មានច្បាប់លោះបាន ហើយដល់ឆ្នាំសោមនស្សក៏ត្រូវបានមកវិញដែរ
32 ប៉ុន្តែ ឯត្រង់ទីក្រុងទាំងប៉ុន្មានរបស់ពួកលេវី នោះគេមានច្បាប់នឹងលោះផ្ទះ នៅក្នុងទីក្រុងរបស់គេចេះតែបានជាដរាប
33 បើសិនជាអ្នកណាទិញផ្ទះរបស់ពួកលេវីណាមួយ នោះដល់ឆ្នាំសោមនស្ស ផ្ទះដែលបានទិញនោះ ហើយនឹងទីក្រុងរបស់គេនឹងបានទៅគេវិញ ដ្បិតអស់ទាំងផ្ទះនៅក្នុងទីក្រុងរបស់ពួកលេវី នោះជាកេរអាកររបស់គេនៅក្នុងពួកកូនចៅអ៊ីស្រាអែល
34 ឯស្រែចំការទាំងប៉ុន្មាននៅជុំវិញទីក្រុងរបស់គេ នោះលក់មិនបានទេ ដ្បិតជាកេរអាកររបស់ផងគេនៅអស់កល្បជានិច្ច។
35 បើបង ឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ មានកំឡាំងដៃខ្សោយ នោះត្រូវឲ្យឯងទប់ទល់ផង ហើយឲ្យនៅជាមួយនឹងឯងដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់ដែរ
36 មិនត្រូវយកការប្រាក់ ឬគិតកំរៃពីគេឡើយ គឺត្រូវកោតខ្លាចដល់ព្រះនៃឯងវិញ ដើម្បីឲ្យបងប្អូនបាននៅជាមួយនឹងឯងផង
37 មិនត្រូវឲ្យគេខ្ចីប្រាក់ ដើម្បីនឹងយកការឡើយ ក៏មិនត្រូវឲ្យអាហារដល់គេដោយចង់បានកំរៃដែរ