34 ឯស្រែចំការទាំងប៉ុន្មាននៅជុំវិញទីក្រុងរបស់គេ នោះលក់មិនបានទេ ដ្បិតជាកេរអាកររបស់ផងគេនៅអស់កល្បជានិច្ច។
35 បើបង ឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ មានកំឡាំងដៃខ្សោយ នោះត្រូវឲ្យឯងទប់ទល់ផង ហើយឲ្យនៅជាមួយនឹងឯងដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់ដែរ
36 មិនត្រូវយកការប្រាក់ ឬគិតកំរៃពីគេឡើយ គឺត្រូវកោតខ្លាចដល់ព្រះនៃឯងវិញ ដើម្បីឲ្យបងប្អូនបាននៅជាមួយនឹងឯងផង
37 មិនត្រូវឲ្យគេខ្ចីប្រាក់ ដើម្បីនឹងយកការឡើយ ក៏មិនត្រូវឲ្យអាហារដល់គេដោយចង់បានកំរៃដែរ
38 អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងឲ្យស្រុកកាណានដល់ឯងរាល់គ្នា ហើយឲ្យបានធ្វើជាព្រះនៃឯងរាល់គ្នា។
39 បើបង ឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ ហើយលក់ខ្លួនដល់ឯង នោះមិនត្រូវឲ្យឯងប្រើគេទុកដូចជាបាវបំរើឡើយ
40 ត្រូវឲ្យគេនៅជាមួយនឹងឯងទុកដូចជាអ្នកស៊ីឈ្នួល ហើយដូចជាអ្នកស្នាក់នៅវិញ ត្រូវឲ្យគេនៅបំរើឯងដរាបដល់ឆ្នាំសោមនស្ស