5 ឯមួរស្រូវដែលដុះឯងពីចំរូតមុន នោះឯងមិនត្រូវច្រូតទេ ក៏មិនត្រូវឲ្យបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ដែរ នោះគឺជាឆ្នាំឈប់សំរាកសំរាប់ស្រុកឯង
6 ឆ្នាំសំរាកនៃស្រុកឯងនឹងចំរើនជាអាហារដល់ឯង ដល់បាវប្រុសបាវស្រីឯង ជើងឈ្នួល និងអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងឯង
7 ព្រមទាំងហ្វូងសត្វ និងអស់ទាំងសត្វដែលនៅក្នុងស្រុកឯងផង ផលចំរើននោះនឹងបានសំរាប់ជាអាហារ។
8 ត្រូវឲ្យឯងរាប់ឆ្នាំឈប់សំរាក៧ដង គឺជា៧ឆ្នាំ៧ដង ត្រូវឲ្យរំលងពេលឆ្នាំឈប់សំរាកអស់៧ ឲ្យបានគ្រប់៤៩ឆ្នាំ
9 រួចត្រូវចាត់ចែងទៅផ្លុំត្រែ ឲ្យឮរំពង នៅថ្ងៃ១០ ក្នុងខែអស្សុជ ដែលត្រូវនឹងថ្ងៃបុណ្យធួននឹងបាបត្រូវឲ្យគេផ្លុំ នៅពេញក្នុងស្រុកឯង
10 ត្រូវឲ្យឯងរាល់គ្នាញែកឆ្នាំទី៥០នោះទុកជាបរិសុទ្ធ ព្រមទាំងប្រកាសប្រាប់សេចក្ដីប្រោសលែងបាវបំរើ ដល់មនុស្សទាំងអស់នៅពេញក្នុងស្រុកផង ឆ្នាំនោះជាឆ្នាំសោមនស្ស ដល់ឯងរាល់គ្នាដែលឯងនឹងត្រឡប់ទៅ នៅឯដីរបស់ឯងរាល់គ្នារៀបខ្លួនបាន ហើយនឹងត្រឡប់ទៅនៅនឹងញាតិសន្តានរបស់ខ្លួនវិញ
11 ឆ្នាំទី៥០នោះនឹងបានជាឆ្នាំសោមនស្សដល់ឯងរាល់គ្នា ក្នុងឆ្នាំនោះ មិនត្រូវឲ្យឯងសាបព្រោះ ឬច្រូតកាត់មួរស្រូវដែលដុះឯង ឬបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ឡើយ