លេវីវិន័យ 26:24-30 KHOV

24 នោះ​អញ​នឹង​ដើរ​ទាស់​នឹង​ឯង​រាល់​គ្នា​ដែរ ហើយ​នឹង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង

25 អញ​នឹង​នាំ​ឲ្យ​មាន​ដាវ​ជា​សេចក្ដី​សង‌សឹក​នៃ​សញ្ញា​មក​លើ​ឯង នោះ​ឯង​រាល់​គ្នា​នឹង​មូល​គ្នា នៅ​ក្នុង​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន ហើយ​អញ​នឹង​ឲ្យ​ជំងឺ​អាសន្ន​រោគ​កើត​ឡើង នៅ​កណ្តាល​ឯង​រាល់​គ្នា​ទៀត រួច​ឯង​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ

26 កាល​ណា​អញ​បាន​ផ្តាច់​ស្បៀង​អាហារ​ពី​ឯង​រាល់​គ្នា​ចេញ នោះ​ស្ត្រី​១០​នាក់​នឹង​ដុត​នំបុ័ង​ឲ្យ​ឯង​នៅ​ក្នុង​ឡ​តែ​១ ហើយ​គេ​នឹង​ថ្លឹង​នំបុ័ង​ឲ្យ​ឯង​បរិភោគ ឯង​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ចេះ​ឆ្អែត​ឡើយ។

27 បើ​យ៉ាង​ដូច្នេះ​ហើយ ឯង​រាល់​គ្នា​នៅ​តែ​មិន​ព្រម​ស្តាប់​តាម​អញ គឺ​នៅ​តែ​ដើរ​ទាស់​ទទឹង​នឹង​អញ​ត​ទៅ​ទៀត

28 នោះ​អញ​នឹង​ដើរ​ទាស់​ទទឹង​នឹង​ឯង​រាល់​គ្នា ដោយ​សេចក្ដី​ក្រោធ ហើយ​នឹង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង

29 ឯង​រាល់​គ្នា​នឹង​បរិភោគ​ទាំង​កូន​ប្រុស កូន​ស្រី​របស់​ឯង​ផង

30 អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​ឯង ហើយ​នឹង​គាស់​រំលំ​រូប​ព្រះ‌អាទិត្យ​របស់​ឯង ព្រម​ទាំង​បោះ​ខ្មោច​ឯង​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​ឯង​ទាំង​នោះ​ដែរ ហើយ​ចិត្ត​អញ​នឹង​ខ្ពើម​ឯង​រាល់​គ្នា