30 អញនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់ឯង ហើយនឹងគាស់រំលំរូបព្រះអាទិត្យរបស់ឯង ព្រមទាំងបោះខ្មោចឯងរាល់គ្នាទៅលើរូបព្រះរបស់ឯងទាំងនោះដែរ ហើយចិត្តអញនឹងខ្ពើមឯងរាល់គ្នា
31 អញនឹងរំលាងអស់ទាំងទីក្រុងឯង ហើយនឹងធ្វើឲ្យទីបរិសុទ្ធរបស់ឯងទាំងប៉ុន្មានទៅជាសូន្យស្ងាត់ អញនឹងមិនព្រមហិតក្លិននៃគ្រឿងក្រអូបឯងទៀតឡើយ
32 អញនឹងនាំឲ្យស្រុកទៅជាស្ងាត់ឈឹង ដល់ម៉្លេះបានជាពួកខ្មាំងសត្រូវរបស់ឯងដែលនៅក្នុងស្រុក គេនឹងមានសេចក្ដីងឿងឆ្ងល់
33 ឯឯងរាល់គ្នា អញនឹងកំចាត់កំចាយឲ្យទៅនៅគ្រប់ទាំងនគរ ហើយនឹងហូតដាវទៅតាមឯងទៀត នោះស្រុកឯងនឹងនៅជាស្ងាត់ឈឹង ហើយទីក្រុងរបស់ឯងទាំងប៉ុន្មាននឹងត្រូវលាញទៅអស់រលីង។
34 ស្រុកនោះនឹងបានសំរាក ក្នុងរវាងប៉ុន្មាន ដែលកំពុងនៅស្ងាត់ឈឹង ហើយឯងរាល់គ្នានៅឯស្រុករបស់ពួកខ្មាំងសត្រូវឯងដូច្នេះ គឺស្រុកឯងនឹងបានត្រេកអរឡើងដោយមានពេលឈប់សំរាកវិញ
35 ក្នុងប៉ុន្មានឆ្នាំដែលស្រុកនៅស្ងាត់ឈឹង នោះនឹងបានសំរាកទៅ គឺនឹងបំពេញការសំរាក ដែលខានមានពីកាលគួរឈប់សំរាក ក្នុងគ្រាដែលឯងរាល់គ្នានៅស្រុកនោះនៅឡើយ
36 ឯពួកឯងដែលសល់នៅ នោះអញនឹងបណ្តាលឲ្យមានចិត្តស្រយុតនៅក្នុងស្រុករបស់ខ្មាំងសត្រូវខ្លួន បើគ្រាន់តែឮសូរស្លឹកឈើដែលត្រូវខ្យល់ផាត់ប៉ុណ្ណោះ នោះនឹងធ្វើឲ្យរត់ទៅ គេនឹងរត់ទៅ ដូចជារត់ឲ្យរួចពីមុខដាវផង ក៏នឹងដួល ដោយឥតមានអ្នកណាដេញតាមឡើយ