លេវីវិន័យ 26:34-40 KHOV

34 ស្រុក​នោះ​នឹង​បាន​សំរាក ក្នុង​រវាង​ប៉ុន្មាន ដែល​កំពុង​នៅ​ស្ងាត់‌ឈឹង ហើយ​ឯង​រាល់​គ្នា​នៅ​ឯ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ​ឯង​ដូច្នេះ គឺ​ស្រុក​ឯង​នឹង​បាន​ត្រេក‌អរ​ឡើង​ដោយ​មាន​ពេល​ឈប់​សំរាក​វិញ

35 ក្នុង​ប៉ុន្មាន​ឆ្នាំ​ដែល​ស្រុក​នៅ​ស្ងាត់​ឈឹង នោះ​នឹង​បាន​សំរាក​ទៅ គឺ​នឹង​បំពេញ​ការ​សំរាក ដែល​ខាន​មាន​ពី​កាល​គួរ​ឈប់​សំរាក ក្នុង​គ្រា​ដែល​ឯង​រាល់​គ្នា​នៅ​ស្រុក​នោះ​នៅ​ឡើយ

36 ឯ​ពួក​ឯង​ដែល​សល់​នៅ នោះ​អញ​នឹង​បណ្តាល​ឲ្យ​មាន​ចិត្ត​ស្រយុត​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ​ខ្លួន បើ​គ្រាន់​តែ​ឮ​សូរ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់​ប៉ុណ្ណោះ នោះ​នឹង​ធ្វើ​ឲ្យ​រត់​ទៅ គេ​នឹង​រត់​ទៅ ដូច​ជា​រត់​ឲ្យ​រួច​ពី​មុខ​ដាវ​ផង ក៏​នឹង​ដួល ដោយ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ឡើយ

37 គេ​នឹង​ជំពប់​ដួល​ប្រគរ​គ្នា ដូច​ជា​ស្លាប់​ដោយ​មុខ​ដាវ ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម​ផង ហើយ​ឯង​រាល់​គ្នា​នឹង​គ្មាន​កំឡាំង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​ឯង​សោះ

38 ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ទៅ នៅ​អស់​ទាំង​នគរ ហើយ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ​នឹង​លេប​បំបាត់​ឯង​ទៅ

39 ឯ​ពួក​ឯង​រាល់​គ្នា ដែល​សល់​នៅ នោះ​នឹង​ស្រងេះ‌ស្រងោច នៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​នៅ​នា​ស្រុក​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​នឹង​ស្រងេះ‌ស្រងោច​ទៅ ដោយ​សេចក្ដី​ទុច្ចរិត​របស់​ពួក​អយ្យកោ​ដែរ។

40 នោះ​គេ​នឹង​លន់‌តួ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​សេចក្ដី​ទុច្ចរិត​របស់​ពួក​អយ្យកោ​គេ​ដែរ គឺ​ជា​ការ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​នឹង​អញ ដោយ​ព្រោះ​ការ​ដែល​គេ​បាន​ដើរ​ទាស់​ទទឹង​នឹង​អញ​ផង