36 ឯពួកឯងដែលសល់នៅ នោះអញនឹងបណ្តាលឲ្យមានចិត្តស្រយុតនៅក្នុងស្រុករបស់ខ្មាំងសត្រូវខ្លួន បើគ្រាន់តែឮសូរស្លឹកឈើដែលត្រូវខ្យល់ផាត់ប៉ុណ្ណោះ នោះនឹងធ្វើឲ្យរត់ទៅ គេនឹងរត់ទៅ ដូចជារត់ឲ្យរួចពីមុខដាវផង ក៏នឹងដួល ដោយឥតមានអ្នកណាដេញតាមឡើយ
37 គេនឹងជំពប់ដួលប្រគរគ្នា ដូចជាស្លាប់ដោយមុខដាវ ក្នុងកាលដែលគ្មានអ្នកណាដេញតាមផង ហើយឯងរាល់គ្នានឹងគ្មានកំឡាំងឈរនៅមុខពួកខ្មាំងសត្រូវឯងសោះ
38 ឯងរាល់គ្នានឹងត្រូវវិនាសទៅ នៅអស់ទាំងនគរ ហើយស្រុករបស់ពួកខ្មាំងសត្រូវនឹងលេបបំបាត់ឯងទៅ
39 ឯពួកឯងរាល់គ្នា ដែលសល់នៅ នោះនឹងស្រងេះស្រងោច នៅក្នុងអំពើទុច្ចរិតរបស់ខ្លួននៅនាស្រុកនៃពួកខ្មាំងសត្រូវ ហើយនឹងស្រងេះស្រងោចទៅ ដោយសេចក្ដីទុច្ចរិតរបស់ពួកអយ្យកោដែរ។
40 នោះគេនឹងលន់តួសេចក្ដីទុច្ចរិតរបស់គេ ហើយសេចក្ដីទុច្ចរិតរបស់ពួកអយ្យកោគេដែរ គឺជាការរំលងដែលគេបានប្រព្រឹត្តនឹងអញ ដោយព្រោះការដែលគេបានដើរទាស់ទទឹងនឹងអញផង
41 គឺដោយហេតុនោះបានជាអញដើរទាស់ទទឹងនឹងគេដែរ ហើយបាននាំគេទៅនៅស្រុករបស់ពួកខ្មាំងសត្រូវ ដូច្នេះ បើចិត្តដែលមិនទាន់កាត់ស្បែករបស់គេ បានទទួលចាលចាញ់ ហើយគេព្រមទទួលទោសនៃអំពើទុច្ចរិតរបស់គេ
42 នោះអញនឹងនឹកចាំពីសេចក្ដីសញ្ញា ដែលអញបានតាំងនឹងយ៉ាកុប និងសេចក្ដីសញ្ញាដែលអញបានតាំងនឹងអ៊ីសាក ហើយនឹងសេចក្ដីសញ្ញាដែលអញបានតាំងនឹងអ័ប្រាហាំ អញក៏នឹងនឹកចាំពីស្រុកនោះដែរ