38 ឯងរាល់គ្នានឹងត្រូវវិនាសទៅ នៅអស់ទាំងនគរ ហើយស្រុករបស់ពួកខ្មាំងសត្រូវនឹងលេបបំបាត់ឯងទៅ
39 ឯពួកឯងរាល់គ្នា ដែលសល់នៅ នោះនឹងស្រងេះស្រងោច នៅក្នុងអំពើទុច្ចរិតរបស់ខ្លួននៅនាស្រុកនៃពួកខ្មាំងសត្រូវ ហើយនឹងស្រងេះស្រងោចទៅ ដោយសេចក្ដីទុច្ចរិតរបស់ពួកអយ្យកោដែរ។
40 នោះគេនឹងលន់តួសេចក្ដីទុច្ចរិតរបស់គេ ហើយសេចក្ដីទុច្ចរិតរបស់ពួកអយ្យកោគេដែរ គឺជាការរំលងដែលគេបានប្រព្រឹត្តនឹងអញ ដោយព្រោះការដែលគេបានដើរទាស់ទទឹងនឹងអញផង
41 គឺដោយហេតុនោះបានជាអញដើរទាស់ទទឹងនឹងគេដែរ ហើយបាននាំគេទៅនៅស្រុករបស់ពួកខ្មាំងសត្រូវ ដូច្នេះ បើចិត្តដែលមិនទាន់កាត់ស្បែករបស់គេ បានទទួលចាលចាញ់ ហើយគេព្រមទទួលទោសនៃអំពើទុច្ចរិតរបស់គេ
42 នោះអញនឹងនឹកចាំពីសេចក្ដីសញ្ញា ដែលអញបានតាំងនឹងយ៉ាកុប និងសេចក្ដីសញ្ញាដែលអញបានតាំងនឹងអ៊ីសាក ហើយនឹងសេចក្ដីសញ្ញាដែលអញបានតាំងនឹងអ័ប្រាហាំ អញក៏នឹងនឹកចាំពីស្រុកនោះដែរ
43 ឯស្រុកនោះនឹងត្រូវគេចោលទទេ ហើយនឹងបានអរចំពោះឆ្នាំឈប់សំរាក កំពុងដែលនៅស្ងាត់ ឥតមានគេនៅៗឡើយ ហើយគេនឹងព្រមទទួលទោសនៃអំពើទុច្ចរិតរបស់ខ្លួន គឺពីព្រោះគេបានមើលងាយដល់សេចក្ដីបញ្ញត្តរបស់អញ ហើយចិត្តគេបានខ្ពើមដល់អស់ទាំងច្បាប់អញដែរ
44 ប៉ុន្តែ ទោះបើការនោះយ៉ាងដូច្នោះក៏ដោយ គង់តែអញមិនបោះបង់ចោលគេ ក្នុងកាលដែលគេនៅស្រុករបស់ខ្មាំងសត្រូវនោះឡើយ ក៏មិនខ្ពើមគេដល់ទៅបំផ្លាញចេញអស់រលីង ឬផ្តាច់សេចក្ដីសញ្ញា ដែលអញបានតាំងនឹងគេនោះដែរ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃគេ