លេវីវិន័យ 26:40-46 KHOV

40 នោះ​គេ​នឹង​លន់‌តួ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​សេចក្ដី​ទុច្ចរិត​របស់​ពួក​អយ្យកោ​គេ​ដែរ គឺ​ជា​ការ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​នឹង​អញ ដោយ​ព្រោះ​ការ​ដែល​គេ​បាន​ដើរ​ទាស់​ទទឹង​នឹង​អញ​ផង

41 គឺ​ដោយ​ហេតុ​នោះ​បាន​ជា​អញ​ដើរ​ទាស់​ទទឹង​នឹង​គេ​ដែរ ហើយ​បាន​នាំ​គេ​ទៅ​នៅ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ ដូច្នេះ បើ​ចិត្ត​ដែល​មិន​ទាន់​កាត់​ស្បែក​របស់​គេ បាន​ទទួល​ចាល‌ចាញ់ ហើយ​គេ​ព្រម​ទទួល​ទោស​នៃ​អំពើ​ទុច្ចរិត​របស់​គេ

42 នោះ​អញ​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​យ៉ាកុប និង​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​អ៊ីសាក ហើយ​នឹង​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​អ័ប្រា‌ហាំ អញ​ក៏​នឹង​នឹក​ចាំ​ពី​ស្រុក​នោះ​ដែរ

43 ឯ​ស្រុក​នោះ​នឹង​ត្រូវ​គេ​ចោល​ទទេ ហើយ​នឹង​បាន​អរ​ចំពោះ​ឆ្នាំ​ឈប់​សំរាក កំពុង​ដែល​នៅ​ស្ងាត់ ឥត​មាន​គេ​នៅៗ​ឡើយ ហើយ​គេ​នឹង​ព្រម​ទទួល​ទោស​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន គឺ​ពី​ព្រោះ​គេ​បាន​មើល‌ងាយ​ដល់​សេចក្ដី​បញ្ញត្ត​របស់​អញ ហើយ​ចិត្ត​គេ​បាន​ខ្ពើម​ដល់​អស់​ទាំង​ច្បាប់​អញ​ដែរ

44 ប៉ុន្តែ ទោះ​បើ​ការ​នោះ​យ៉ាង​ដូច្នោះ​ក៏​ដោយ គង់​តែ​អញ​មិន​បោះ​បង់​ចោល​គេ ក្នុង​កាល​ដែល​គេ​នៅ​ស្រុក​របស់​ខ្មាំង​សត្រូវ​នោះ​ឡើយ ក៏​មិន​ខ្ពើម​គេ​ដល់​ទៅ​បំផ្លាញ​ចេញ​អស់​រលីង ឬ​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​នោះ​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​គេ

45 តែ​ដោយ​យល់​ដល់​គេ នោះ​អញ​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ពួក​អយ្យកោ ដែល​អញ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នៅ​ចំពោះ​ភ្នែក​នៃ​ពួក​សាសន៍​ដទៃ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ព្រះ​នៃ​គេ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

46 នេះ​ហើយ​ជា​ច្បាប់ ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ត្រង់​ភ្នំ​ស៊ី‌ណាយ ដោយ‌សារ​ម៉ូសេ។