3 បើអ្នកនោះជាពួកសង្ឃ ដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ បានធ្វើបាបជាហេតុនាំឲ្យពួកជនមានទោសផង នោះត្រូវយកគោឈ្មោលស្ទាវ១ដ៏ឥតខ្ចោះ មកថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយលោះបាប ឲ្យធួននឹងបាបដែលបានធ្វើនោះ
4 ត្រូវនាំគោនោះ ទៅឯមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា រួចដាក់ដៃលើក្បាល ហើយសំឡាប់នៅចំពោះព្រះយេហូវ៉ាទៅ
5 ត្រូវឲ្យសង្ឃយកឈាមនាំចូលទៅក្នុងត្រសាលជំនុំ
6 រួចជ្រលក់ម្រាមដៃចុះក្នុងឈាមរលាស់៧ដងនៅចំពោះព្រះយេហូវ៉ា ត្រង់ខាងមុខវាំងននទីបរិសុទ្ធ
7 ហើយត្រូវយកឈាមទៅប្រឡាក់នៅស្នែងអាសនាគ្រឿងក្រអូប ដែលនៅក្នុងត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា រួចត្រូវចាក់ឈាមគោនោះទាំងអស់ នាជើងអាសនាដង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ
8 ឯខ្លាញ់គោនោះដែលសំរាប់ជាដង្វាយលោះបាប នោះត្រូវយកចេញទាំងអស់ គឺជាខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
9 ព្រមទាំងអង្គញ់ទាំង២ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង