9 ព្រមទាំងអង្គញ់ទាំង២ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
10 ដូចជាបានយកចេញពីគោដែលថ្វាយជាដង្វាយមេត្រីដែរ រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះ នៅលើអាសនាដង្វាយដុត
11 ឯស្បែកគោនោះ និងសាច់ទាំងអស់ ព្រមទាំងក្បាល និងជើង អាការៈខាងក្នុង ហើយនឹងលាមក
12 គឺតួគោនោះទាំងមូល ត្រូវយកចេញទៅក្រៅទីដំឡើងត្រសាលនៅត្រង់កន្លែងស្អាតដែលចាក់ផែះ ហើយដុតនៅលើឧសត្រង់កន្លែងដែលចាក់ផែះនោះ។
13 ឬបើជាពួកជំនុំអ៊ីស្រាអែលទាំងអស់គ្នា ដែលប្រព្រឹត្តការកំហុសអ្វីដោយឥតដឹង ហើយការនោះបានកំបាំងនឹងភ្នែកពួកជំនុំ ដែលរំលងចំពោះបញ្ញត្តណាមួយ ដែលព្រះយេហូវ៉ាហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
14 កាលណាគេដឹងពីអំពើបាបដែលបានប្រព្រឹត្តរំលងហើយ នោះត្រូវឲ្យពួកជំនុំថ្វាយគោឈ្មោលស្ទាវ១ទុកជាដង្វាយលោះបាប ត្រូវនាំទៅឯមុខត្រសាលជំនុំ
15 ហើយត្រូវឲ្យពួកចាស់ទុំក្នុងពួកជំនុំ ដាក់ដៃលើក្បាលគោនោះនៅចំពោះព្រះយេហូវ៉ា រួចសំឡាប់នៅចំពោះព្រះយេហូវ៉ាទៅ