លេវីវិន័យ 5:6-12 KHOV

6 ហើយ​ត្រូវ​នាំ​យក​ដង្វាយ ដែល​សំរាប់​ការ​រំលង​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត គឺ​ជា​សត្វ​ញី​១​ពី​ហ្វូង​ចៀម ឬ​ពពែ សំរាប់​ជា​ដង្វាយ​លោះ​បាប រួច​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ។

7 បើ​សិន​ជា​អ្នក​នោះ​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​កូន​ចៀម​១​បាន នោះ​ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ មក​ថ្វាយ​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​សំរាប់​ការ​រំលង​របស់​ខ្លួន ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត​នោះ​វិញ គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​១​សំរាប់​ជា​ដង្វាយ​ដុត

8 ត្រូវ​ឲ្យ​នាំ​យក​សត្វ​នោះ​ទៅ​ឯ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​១ ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប ជា​មុន​ដំបូង ដោយ​ក្តិច​បណ្តាច់​ក្បាល​ចេញ​ពី​ក តែ​មិន​ត្រូវ​ពុះ​ជា​២​ឡើយ

9 រួច​ប្រោះ​ឈាម​នៃ​ដង្វាយ​លោះ​បាប​នោះ​នៅ​ចំហៀង​អាសនា ហើយ​ត្រូវ​សំរក់​ឈាម​ដែល​សល់​ទាំង​ប៉ុន្មាន​នៅ​ជើង​អាសនា​វិញ នេះ​ហើយ​ជា​ដង្វាយ​លោះ​បាប

10 ឯ​សត្វ​ទី​២ នោះ​ត្រូវ​ថ្វាយ​ជា​ដង្វាយ​ដុត​តាម​ទំលាប់ ដូច្នេះ ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​អ្នក​នោះ​នឹង​បាន​រួច​ចាក​ទោស។

11 បើ​អ្នក​នោះ​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​លលក​២ ឬ​ព្រាប​ជំទើរ​២​បាន​ទេ នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង មក​ទុក​ជា​ដង្វាយ​លោះ​បាប ដោយ​ព្រោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត តែ​មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​កំញាន​ទេ ដ្បិត​ជា​ដង្វាយ​សំរាប់​លោះ​បាប

12 ត្រូវ​ឲ្យ​អ្នក​នោះ​នាំ​យក​ទៅ​ឯ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​យក​១​ក្តាប់ ទុក​ជា​ទី​រំឭក​ទៅ​ដុត​លើ​អាសនា តាម​របៀប​ដង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ដង្វាយ​លោះ​បាប