12 ឯភ្លើងនៅលើអាសនា នោះត្រូវតែឆេះនៅជានិច្ចឥតរលត់ឡើយ រាល់តែព្រឹកត្រូវឲ្យសង្ឃដាក់ឧសនៅលើនោះ រួចរៀបដង្វាយដុតពីលើ ព្រមទាំងដុតខ្លាញ់ដង្វាយមេត្រីផង
13 ត្រូវតែមានភ្លើងឆេះនៅជានិច្ចលើអាសនា មិនត្រូវឲ្យរលត់ឡើយ។
14 នេះជារបៀបដង្វាយម្សៅ គឺពួកកូនអើរ៉ុនត្រូវថ្វាយដង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់លើអាសនាប៉ែកខាងមុខ
15 ត្រូវយកម្សៅយ៉ាងម៉ដ្ត១ក្តាប់ជាមួយនឹងប្រេងខ្លះ ហើយនឹងកំញានដែលនៅលើដង្វាយម្សៅនោះដុតទាំងអស់ សំរាប់ជាក្លិនឈ្ងុយ នៅលើអាសនា ទុកជាទីរំឭកដល់ព្រះយេហូវ៉ា
16 ឯម្សៅទាំងប៉ុន្មានដែលសល់នៅ នោះអើរ៉ុន និងពួកកូនលោក ត្រូវបរិភោគ ដោយឥតមានដំបែនៅត្រង់កន្លែងបរិសុទ្ធ គឺត្រូវបរិភោគនៅទីលានផងត្រសាលជំនុំ
17 មិនត្រូវចំអិនម្សៅនោះ ដោយលាយនឹងដំបែឡើយ អញបានឲ្យម្សៅនោះ ទុកជាចំណែករបស់គេពីដង្វាយដែលដុតថ្វាយអញ នេះហើយជារបស់បរិសុទ្ធបំផុត ដូចជាដង្វាយសំរាប់លោះបាប និងដង្វាយដែលថ្វាយដោយព្រោះការរំលងដែរ
18 អស់ទាំងប្រុសៗក្នុងពួកកូនចៅអើរ៉ុន ត្រូវបរិភោគដង្វាយម្សៅនោះទុកជាចំណែកដល់ខ្លួន ពីអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នៅអស់ទាំងដំណតរៀងទៅ ឯអស់អ្នកណាដែលពាល់ដង្វាយទាំងនោះក៏នឹងបានបរិសុទ្ធដែរ។