10 តែគ្រប់ទាំងដង្វាយម្សៅលាយនឹងប្រេងឬទទេ នោះត្រូវបានជារបស់ផងពួកកូនអើរ៉ុនគ្រប់គ្នាវិញ។
11 នេះជារបៀបយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រី ថ្វាយព្រះយេហូវ៉ា
12 បើអ្នកណាថ្វាយដង្វាយដោយអរព្រះគុណ នោះត្រូវយកនំឥតដំបែ លាយដោយប្រេង ហើយនំក្រៀបឥតដំបែ លាយដោយប្រេង និងនំចៀន ធ្វើពីម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង មកថ្វាយជាមួយនឹងយញ្ញបូជា ដែលថ្វាយដោយអរព្រះគុណនោះ
13 ហើយត្រូវយកនំបុ័ងមានដំបែមក ថែមនឹងនំទាំងនោះសំរាប់ជាដង្វាយរបស់ខ្លួន ត្រូវថ្វាយទាំងអស់ជាមួយនឹងយញ្ញបូជានៃដង្វាយមេត្រី ដែលថ្វាយទុកជាសេចក្ដីអរព្រះគុណ
14 ត្រូវយកនំ១ ពីរាល់តែដង្វាយយ៉ាងនោះ សំរាប់ជាដង្វាយលើកចុះឡើង ថ្វាយព្រះយេហូវ៉ា នំនោះត្រូវបានជារបស់ផងសង្ឃណា ដែលប្រោះឈាមដង្វាយមេត្រី
15 ឯសាច់នៃយញ្ញបូជារបស់ដង្វាយមេត្រី ដែលសំរាប់ជាសេចក្ដីអរព្រះគុណ នោះត្រូវបរិភោគក្នុងថ្ងៃដែលបានថ្វាយនោះឯង មិនត្រូវទុកឲ្យដល់ភ្លឺឡើយ
16 តែបើយញ្ញបូជានោះជាដង្វាយលាបំណន់ ឬជាដង្វាយស្ម័គ្រពីចិត្តវិញ នោះត្រូវបរិភោគក្នុងថ្ងៃដែលថ្វាយនោះឯង ហើយដល់ស្អែក ក៏នឹងបរិភោគអ្វីដែលនៅសល់បានដែរ