លេវីវិន័យ 7:12-18 KHOV

12 បើ​អ្នក​ណា​ថ្វាយ​ដង្វាយ​ដោយ​អរ​ព្រះ‌គុណ នោះ​ត្រូវ​យក​នំ​ឥត​ដំបែ លាយ​ដោយ​ប្រេង ហើយ​នំ​ក្រៀប​ឥត​ដំបែ លាយ​ដោយ​ប្រេង និង​នំ​ចៀន ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង មក​ថ្វាយ​ជា​មួយ​នឹង​យញ្ញ‌បូជា ដែល​ថ្វាយ​ដោយ​អរ​ព្រះ‌គុណ​នោះ

13 ហើយ​ត្រូវ​យក​នំបុ័ង​មាន​ដំបែ​មក ថែម​នឹង​នំ​ទាំង​នោះ​សំរាប់​ជា​ដង្វាយ​របស់​ខ្លួន ត្រូវ​ថ្វាយ​ទាំង​អស់​ជា​មួយ​នឹង​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី ដែល​ថ្វាយ​ទុក​ជា​សេចក្ដី​អរ​ព្រះ‌គុណ

14 ត្រូវ​យក​នំ​១ ពី​រាល់​តែ​ដង្វាយ​យ៉ាង​នោះ សំរាប់​ជា​ដង្វាយ​លើក​ចុះ​ឡើង ថ្វាយ​ព្រះ‌យេហូវ៉ា នំ​នោះ​ត្រូវ​បាន​ជា​របស់​ផង​សង្ឃ​ណា ដែល​ប្រោះ​ឈាម​ដង្វាយ​មេត្រី

15 ឯ​សាច់​នៃ​យញ្ញ‌បូជា​របស់​ដង្វាយ​មេត្រី ដែល​សំរាប់​ជា​សេចក្ដី​អរ​ព្រះ‌គុណ នោះ​ត្រូវ​បរិភោគ​ក្នុង​ថ្ងៃ​ដែល​បាន​ថ្វាយ​នោះ​ឯង មិន​ត្រូវ​ទុក​ឲ្យ​ដល់​ភ្លឺ​ឡើយ

16 តែ​បើ​យញ្ញ‌បូជា​នោះ​ជា​ដង្វាយ​លា​បំណន់ ឬ​ជា​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត​វិញ នោះ​ត្រូវ​បរិភោគ​ក្នុង​ថ្ងៃ​ដែល​ថ្វាយ​នោះ​ឯង ហើយ​ដល់​ស្អែក ក៏​នឹង​បរិភោគ​អ្វី​ដែល​នៅ​សល់​បាន​ដែរ

17 ឯ​របស់​អ្វី​ដែល​សល់​ពី​សាច់​នៃ​យញ្ញ‌បូជា​ក្នុង​ថ្ងៃ​ទី​៣ នោះ​ត្រូវ​ដុត​នឹង​ភ្លើង​ទៅ

18 បើ​អ្នក​ណា​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា​ជា​ដង្វាយ​មេត្រី​របស់​ខ្លួន​ក្នុង​ថ្ងៃ​ទី​៣ យញ្ញ‌បូជា​នោះ​ឈ្មោះ​ថា ព្រះ​មិន​បាន​ទទួល​ទេ គឺ​ទុក​ដូច​ជា​មិន​បាន​ថ្វាយ​វិញ ដង្វាយ​នោះ​នឹង​ត្រឡប់​ទៅ​ជា​របស់​គួរ​ស្អប់​ខ្ពើម ឯ​អស់​អ្នក​ណា​ដែល​បរិភោគ នោះ​ក៏​នឹង​ត្រូវ​មាន​ទោស​ដែរ។