34 ដ្បិតអញបានញែកទ្រូងដែលគ្រវី និងស្មាដែលលើកចុះឡើងនោះចេញពីយញ្ញបូជា ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដង្វាយមេត្រី ប្រគល់ឲ្យដល់អើរ៉ុនដ៏ជាសង្ឃ និងពួកកូនលោកទុកជាចំណែកដល់គេពីពួកកូនចៅអ៊ីស្រាអែលនៅអស់កល្បជានិច្ចហើយ
35 នេះហើយជាចំណែករបស់អើរ៉ុន និងជាចំណែករបស់ពួកកូនលោក ពីអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា ចាប់តាំងពីថ្ងៃដែលបានតាំងគេឲ្យធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាតទៅ
36 គឺជាចំណែកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យពួកកូនចៅអ៊ីស្រាអែលប្រគល់ដល់គេ នៅថ្ងៃដែលបានចាក់លាបប្រេងតាំងឡើង នេះហើយជាចំណែករបស់គេនៅអស់កល្បជានិច្ច ដល់អស់ទាំងដំណរបស់គេតរៀងទៅ។
37 ច្បាប់ទាំងនេះហើយ ជារបៀបនៃដង្វាយដុត ដង្វាយម្សៅ ដង្វាយលោះបាប និងដង្វាយដែលថ្វាយ ដោយព្រោះការប្រព្រឹត្តរំលង ដង្វាយតាំងជាសង្ឃ ហើយនឹងយញ្ញបូជាជាដង្វាយមេត្រី
38 ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់ម៉ូសេនៅលើភ្នំស៊ីណាយ នៅថ្ងៃដែលទ្រង់បានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល នៅទីរហោស្ថានស៊ីណាយ ឲ្យបានថ្វាយដង្វាយគេដល់ព្រះយេហូវ៉ា។