លេវីវិន័យ 8:10-16 KHOV

10 រួច​ម៉ូសេ​យក​ប្រេង ទៅ​ចាក់​លាប​រោង​ឧបោសថ និង​គ្រប់​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​រោង​នោះ ញែក​ចេញ​ជា​បរិសុទ្ធ

11 ហើយ​ក៏​យក​ទៅ​ប្រោះ​លើ​អាសនា​៧​ដង លោក​ចាក់​លាប​អាសនា និង​ប្រដាប់​អាសនា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ​ផង ដើម្បី​នឹង​ញែក​ចេញ​ជា​បរិសុទ្ធ

12 ក៏​ចាក់​ប្រេង​ខ្លះ​លើ​ក្បាល​អើរ៉ុន ទាំង​លាប​ឲ្យ​បាន​បរិសុទ្ធ

13 រួច​លោក​នាំ​យក​ពួក​កូន​អើរ៉ុន​មក​បំពាក់​អាវ​ខ្លី ហើយ​ក្រវាត់​ខ្សែ​ក្រវាត់ ព្រម​ទាំង​ជួត​ឈ្នួត​ផង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

14 បន្ទាប់​មក លោក​នាំ​យក​គោ​ឈ្មោល​ស្ទាវ ដែល​សំរាប់​ដង្វាយ​លោះ​បាប​មក ហើយ​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន ក៏​ដាក់​ដៃ​លើ​ក្បាល​គោ ដែល​ជា​ដង្វាយ​នោះ រួច​សំឡាប់​ទៅ

15 នោះ​ម៉ូសេ​ក៏​សំអាត​អាសនា លោក​យក​ឈាម ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​លើ​ស្នែង​អាសនា​ជុំវិញ រួច​ចាក់​ឈាម​នៅ​ត្រង់​ជើង​អាសនា ទាំង​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ធួន​នឹង​អាសនា​នោះ

16 លោក​យក​ខ្លាញ់​ទាំង​អស់​ដែល​រុំ​អាការៈ​ខាង​ក្នុង ស្រទាប់​ថ្លើម ហើយ​អង្គញ់​ទាំង​២ និង​ខ្លាញ់​នៃ​អង្គញ់​នោះ ទៅ​ដុត​ទាំង​អស់​នៅ​លើ​អាសនា