1 លុះដល់ថ្ងៃទី៨ ម៉ូសេក៏ហៅអើរ៉ុន និងពួកកូនលោកមក ព្រមទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលផង
2 រួចបង្គាប់ដល់អើរ៉ុនថា ចូរយកកូនគោ១ ពីហ្វូងសត្វ សំរាប់ជាដង្វាយលោះបាប និងចៀមឈ្មោល១ឥតខ្ចោះសំរាប់ជាដង្វាយដុត មកថ្វាយនៅចំពោះព្រះយេហូវ៉ា
3 ហើយត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកពពែឈ្មោល១សំរាប់ជាដង្វាយលោះបាប និងកូនគោ១ ហើយកូនចៀម១ ដែលទាំង២មានអាយុ១ខួបៗ ហើយឥតខ្ចោះសំរាប់ជាដង្វាយដុត
4 ព្រមទាំងគោឈ្មោល១ និងចៀមឈ្មោល១ សំរាប់ជាដង្វាយមេត្រី ដើម្បីនឹងថ្វាយ ជាយញ្ញបូជា នៅចំពោះព្រះយេហូវ៉ា ហើយនឹងដង្វាយម្សៅលាយដោយប្រេងផង ដ្បិតនៅថ្ងៃនេះព្រះយេហូវ៉ានឹងលេចមកឯអ្នករាល់គ្នា
5 គេក៏នាំយកដង្វាយដែលម៉ូសេបានបង្គាប់ទាំងប៉ុន្មាននោះ មកនៅមុខត្រសាលជំនុំ រួចពួកជំនុំទាំងអស់គ្នាក៏ចូលមកជិត ឈរនៅចំពោះព្រះយេហូវ៉ា
6 នោះម៉ូសេប្រកាសថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកឲ្យអ្នករាល់គ្នាធ្វើតាម យ៉ាងនោះសិរីល្អនៃព្រះយេហូវ៉ានឹងលេចមកឲ្យអ្នករាល់គ្នាឃើញ។