7 ម៉ូសេបង្គាប់ដល់អើរ៉ុនថា ចូរទៅឯអាសនា ហើយថ្វាយដង្វាយលោះបាប និងដង្វាយដុតរបស់បង សំរាប់ឲ្យធួននឹងខ្លួន ហើយនឹងពួកជនផង រួចថ្វាយដង្វាយរបស់ពួកជនឲ្យធួននឹងគេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
8 អើរ៉ុនក៏ចូលទៅឯអាសនា សំឡាប់កូនគោទុកជាដង្វាយលោះបាបដែលសំរាប់ខ្លួន
9 ហើយពួកកូនលោកក៏យកឈាមមកជូន នោះលោកជ្រលក់ម្រាមដៃទៅក្នុងឈាម យកទៅប្រឡាក់នៅស្នែងអាសនា រួចចាក់ឈាមទាំងប៉ុន្មាននៅត្រង់ជើងអាសនា
10 ឯខ្លាញ់ និងអង្គញ់ទាំង២ ហើយនឹងស្រទាប់ដែលយកពីថ្លើមរបស់សត្វ ដែលសំរាប់ជាដង្វាយលោះបាបនោះ លោកក៏ដុតនៅលើអាសនា ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
11 តែឯសាច់ និងស្បែក នោះបានដុតនឹងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ
12 លោកក៏សំឡាប់ដង្វាយដុត ហើយពួកកូនលោកក៏យកឈាមមកជូន រួចលោកប្រោះឈាមនោះនៅជុំវិញលើអាសនា
13 ពួកកូនក៏យកដង្វាយដុតមកជូនលោកទាំងដុំៗ ព្រមទាំងក្បាលផង ហើយលោកដុតទាំងអស់នៅលើអាសនា