1 នៅថ្ងៃ២១ ខែអស្សុជ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មក ដោយសារហោរាហាកាយថា
2 ឥឡូវនេះ ចូរទៅនិយាយនឹងសូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា និងយេសួរ កូនយ៉ូសាដាកដ៏ជាសង្ឃធំ ព្រមទាំងសំណល់នៃបណ្តាជនថា
3 ក្នុងពួកឯងរាល់គ្នា តើមានសល់អ្នកណាខ្លះ ធ្លាប់បានឃើញព្រះវិហារនេះ តាមសិរីល្អជាន់ដើមដែរឬ ចុះឥឡូវនេះ តើឃើញជាយ៉ាងណានៅភ្នែកឯងរាល់គ្នាដែលធៀបផ្ទឹមគ្នា តើព្រះវិហារនេះមិនមែនដូចជាទទេសោះទេឬអី
4 ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកំឡាំងឥឡូវចុះ ឱយេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំអើយ ចូរមានកំឡាំងដែរ ឯងរាល់គ្នាជាជនជាតិនៃស្រុកនេះអើយ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរឯងរាល់គ្នាមានកំឡាំង ហើយធ្វើការទៅ ដ្បិតអញនៅជាមួយនឹងឯងហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
5 គឺជាពាក្យ ដែលអញតាំងជាសញ្ញានឹងឯងរាល់គ្នា ក្នុងកាលដែលឯងឡើងចេញពីស្រុកអេស៊ីព្ទមក ឯវិញ្ញាណរបស់អញក៏ស្ថិតនៅជាមួយនឹងឯងរាល់គ្នាដែរ កុំឲ្យខ្លាចឡើយ