ហាកាយ 2:15-21 KHOV

15 ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា​ចាប់​តាំង​ពី​សព្វ​ថ្ងៃ​នេះ​សា​ឡើង ទៅ​ដល់​គ្រា​មុន​ដែល​មាន​ថ្ម​ណា​រៀប​ឡើង ត្រួត​លើ​ថ្ម​ណា​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នេះ

16 នៅ​រវាង​នោះ កាល​ណា​គេ​មក​ដល់​គំនរ​ស្រូវ​ដែល​ត្រូវ​មាន​២០​ថាំង នោះ​ឃើញ​មាន​តែ​១០​វិញ ហើយ​កាល​ណា​មក​ដល់​ធុង​ឃ្នាប ដើម្បី​ដង​យក​៥០​រង្វាល់ នោះ​បាន​តែ​២០​វិញ

17 គឺ​អញ​បាន​វាយ​ការ ដែល​ដៃ​ឯង​រាល់​គ្នា​ធ្វើ ឲ្យ​ស្រូវ​ស្កក ហើយ​ល្មាស ព្រម​ទាំង​ត្រូវ​ព្រិល​ផង ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

18 ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា ចាប់​តាំង​ពី​ថ្ងៃ​នេះ​សា​ឡើង​ទៅ គឺ​ចាប់​តាំង​ពី​ថ្ងៃ​២៤ ខែ​មិគសិរ ជា​ថ្ងៃ​ដែល​ដាក់​ឫស​ជញ្ជាំង​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចូរ​ពិចារណា​ចុះ

19 តើ​ពូជ​ពង្រោះ​បាន​យក​មក​ដាក់​ក្នុង​ជង្រុក​ហើយ​ឬ​នៅ អើ ទោះ​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ ដើម​ល្វា ដើម​ទទឹម និង​ដើម​អូលីវ ក៏​មិន​បាន​កើត​ផល​ដែរ តែ​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ អញ​នឹង​ផ្តល់​ពរ​ដល់​ឯង​វិញ។

20 នៅ​ថ្ងៃ​២៤​ខែ​នោះ​ឯង ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ហាកាយ​ម្តង​ទៀត​ដោយ​ថា

21 ចូរ​ប្រាប់​ដល់​សូរ៉ូ‌បា‌បិល ជា​ចៅ‌ហ្វាយ​លើ​ស្រុក​យូដា​ថា អញ​នឹង​អង្រួន​ផ្ទៃ​មេឃ ហើយ​នឹង​ផែនដី​ផង