2 ឥឡូវនេះ ចូរទៅនិយាយនឹងសូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា និងយេសួរ កូនយ៉ូសាដាកដ៏ជាសង្ឃធំ ព្រមទាំងសំណល់នៃបណ្តាជនថា
3 ក្នុងពួកឯងរាល់គ្នា តើមានសល់អ្នកណាខ្លះ ធ្លាប់បានឃើញព្រះវិហារនេះ តាមសិរីល្អជាន់ដើមដែរឬ ចុះឥឡូវនេះ តើឃើញជាយ៉ាងណានៅភ្នែកឯងរាល់គ្នាដែលធៀបផ្ទឹមគ្នា តើព្រះវិហារនេះមិនមែនដូចជាទទេសោះទេឬអី
4 ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកំឡាំងឥឡូវចុះ ឱយេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំអើយ ចូរមានកំឡាំងដែរ ឯងរាល់គ្នាជាជនជាតិនៃស្រុកនេះអើយ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរឯងរាល់គ្នាមានកំឡាំង ហើយធ្វើការទៅ ដ្បិតអញនៅជាមួយនឹងឯងហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
5 គឺជាពាក្យ ដែលអញតាំងជាសញ្ញានឹងឯងរាល់គ្នា ក្នុងកាលដែលឯងឡើងចេញពីស្រុកអេស៊ីព្ទមក ឯវិញ្ញាណរបស់អញក៏ស្ថិតនៅជាមួយនឹងឯងរាល់គ្នាដែរ កុំឲ្យខ្លាចឡើយ
6 ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថា នៅតែបន្តិចទៀត អញនឹងអង្រួនទាំងផ្ទៃមេឃ និងផែនដី ទាំងសមុទ្រ និងទីគោកផង
7 ក៏នឹងអង្រួនអស់ទាំងសាសន៍ដែរ នោះទីគាប់ចិត្តរបស់អស់ទាំងសាសន៍នឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ អញនឹងបំពេញវិហារនេះ ដោយសិរីល្អ
8 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា អស់ទាំងប្រាក់ជារបស់ផងអញ ហើយមាសទាំងប៉ុន្មានក៏ជារបស់អញដែរ