ហាកាយ 2:9-15 KHOV

9 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សិរី‌ល្អ​របស់​វិហារ​ជាន់​ក្រោយ​នេះ នឹង​បាន​លើស​ជាង​ជាន់​មុន​ទៅ​ទៀត ហើយ​អញ​នឹង​ឲ្យ​មាន​សេចក្ដី​សុខ‌សាន្ត​នៅ​ទី​នេះ​ផង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

10 នៅ​ថ្ងៃ​២៤ ខែ​មិគសិរ ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក ដោយ‌សារ​ហោរា​ហាកាយ​ថា

11 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឥឡូវ​នេះ ចូរ​សួរ​ពួក​សង្ឃ​ពី​ដំណើរ​ក្រឹត្យ‌វិន័យ​ថា

12 បើ​អ្នក​ណា​ដក់​សាច់​ដ៏​បរិសុទ្ធ​ក្នុង​ថ្នក់​អាវ​ទៅ​ឯ​ណា រួច​អាវ​ប៉ះ​នឹង​នំបុ័ង សំឡ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ឬ​ម្ហូប​អ្វី​ក៏​ដោយ តើ​របស់​នោះ​នឹង​បាន​បរិសុទ្ធ​ដែរ​ឬ នោះ​ពួក​សង្ឃ​បាន​ឆ្លើយ​ថា ទេ

13 រួច​ហាកាយ​សួរ​ថា បើ​សិន​ជា​អ្នក​ណា​ដែល​មិន​ស្អាត ដោយ​ព្រោះ​ខ្មោច​ស្លាប់ គេ​បាន​ប៉ះ​នឹង​របស់​ណា​មួយ​នោះ តើ​របស់​នោះ​នឹង​ត្រឡប់​ជា​មិន​ស្អាត​ដែរ​ឬ ពួក​សង្ឃ​ក៏​ឆ្លើយ​ថា នឹង​ត្រឡប់​ជា​មិន​ស្អាត​ជា​ពិត

14 រួច​ហាកាយ​ពោល​សប​វិញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បណ្តា‌ជន​នេះ និង​សាសន៍​នេះ​ក៏​ដូច្នោះ​នៅ​ចំពោះ​អញ​ដែរ ព្រម​ទាំង​ការ​ទាំង​ប៉ុន្មាន​ដែល​ដៃ​គេ​ធ្វើ និង​ដង្វាយ​ដែល​គេ​ថ្វាយ​នៅ​ទី​នោះ ក៏​សុទ្ធ​តែ​មិន​ស្អាត​ដូច​គ្នា​ផង

15 ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា​ចាប់​តាំង​ពី​សព្វ​ថ្ងៃ​នេះ​សា​ឡើង ទៅ​ដល់​គ្រា​មុន​ដែល​មាន​ថ្ម​ណា​រៀប​ឡើង ត្រួត​លើ​ថ្ម​ណា​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នេះ