2 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបមកខ្ញុំថា ចូរកត់ការជាក់ស្តែងនេះទុក ត្រូវឲ្យចារឹកឲ្យច្បាស់នៅលើក្តារចុះ ដើម្បីឲ្យមនុស្សដែលកំពុងរត់ ក៏អាចមើលបានដែរ
3 ដ្បិតការជាក់ស្តែងនេះ ទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ។
4 មើល ចិត្តគេបានប៉ោងឡើង មិនទៀងត្រង់នៅក្នុងខ្លួនគេទេ តែមនុស្សសុចរិតនឹងរស់នៅ ដោយសារសេចក្ដីជំនឿរបស់ខ្លួន
5 ១ទៀត ដែលស្រាទំពាំងបាយជូរជាគ្រឿងបញ្ឆោតយ៉ាងណា មនុស្សអំនួតក៏មិនចេះនៅផ្ទះខ្លួនដូច្នោះដែរ គេពង្រីកសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនឲ្យធំដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏ដូចជាសេចក្ដីស្លាប់ ដែលមិនចេះឆ្អែតឆ្អន់ គឺគេកៀរប្រមូលអស់ទាំងសាសន៍មកឯខ្លួន ក៏បំព្រួមជនជាតិទាំងឡាយទុកសំរាប់ខ្លួនដែរ
6 ឯពួកទាំងនោះ តើមិនចាប់ផ្តើមនិយាយពាក្យប្រៀបធៀប និងពាក្យប្រស្នាដែលបញ្ឈឺចិត្តទេឬអី ដោយពាក្យថា វេទនាដល់មនុស្សដែលចំរើនរបស់ទ្រព្យ ដែលមិនមែនជារបស់ខ្លួនទេ ហើយផ្ទុកខ្លួនដោយរបស់ដែលទទួលបញ្ចាំផង តើនឹងបានដូច្នេះដល់កាលណាទៅ
7 តើមិនត្រូវឲ្យមានពួកអ្នកកើតឡើង ដែលនឹងខាំឯងជា១រំពេច និងពួក១ភ្ញាក់ឡើងធ្វើទុក្ខឯងទេឬ នោះឯងនឹងត្រូវជារបឹបដល់គេវិញ
8 ហើយពីព្រោះឯងបានប្លន់សាសន៍ជាច្រើន នោះសំណល់នៃជនជាតិទាំងឡាយនឹងប្លន់ឯងវិញ ដោយព្រោះឈាមមនុស្ស និងការច្រឡោត ដែលបានធ្វើនៅក្នុងស្រុកគេ ហើយដល់ទីក្រុង និងអស់មនុស្សដែលនៅក្នុងក្រុងនោះផង។