ហាបាគូក 2:6-12 KHOV

6 ឯ​ពួក​ទាំង​នោះ តើ​មិន​ចាប់​ផ្តើម​និយាយ​ពាក្យ​ប្រៀប‌ធៀប និង​ពាក្យ​ប្រស្នា​ដែល​បញ្ឈឺ​ចិត្ត​ទេ​ឬ​អី ដោយ​ពាក្យ​ថា វេទនា​ដល់​មនុស្ស​ដែល​ចំរើន​របស់​ទ្រព្យ ដែល​មិន​មែន​ជា​របស់​ខ្លួន​ទេ ហើយ​ផ្ទុក​ខ្លួន​ដោយ​របស់​ដែល​ទទួល​បញ្ចាំ​ផង តើ​នឹង​បាន​ដូច្នេះ​ដល់​កាល​ណា​ទៅ

7 តើ​មិន​ត្រូវ​ឲ្យ​មាន​ពួក​អ្នក​កើត​ឡើង ដែល​នឹង​ខាំ​ឯង​ជា​១​រំពេច និង​ពួក​១​ភ្ញាក់​ឡើង​ធ្វើ​ទុក្ខ​ឯង​ទេ​ឬ នោះ​ឯង​នឹង​ត្រូវ​ជា​របឹប​ដល់​គេ​វិញ

8 ហើយ​ពី​ព្រោះ​ឯង​បាន​ប្លន់​សាសន៍​ជា​ច្រើន នោះ​សំណល់​នៃ​ជន‌ជាតិ​ទាំង‌ឡាយ​នឹង​ប្លន់​ឯង​វិញ ដោយ​ព្រោះ​ឈាម​មនុស្ស និង​ការ​ច្រឡោត ដែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង និង​អស់​មនុស្ស​ដែល​នៅ​ក្នុង​ក្រុង​នោះ​ផង។

9 វេទនា​ដល់​មនុស្ស​ដែល​បាន​កំរៃ​ទុច្ចរិត​សំរាប់​ផ្ទះ​ខ្លួន ដើម្បី​នឹង​តាំង​សំបុក​ខ្លួន​នៅ​លើ​ទី​ខ្ពស់ ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​នៃ​សេចក្ដី​អាក្រក់

10 ឯង​គិត‌គូរ​បង្កើត​សេចក្ដី​អាម៉ាស់​ខ្មាស​ដល់​ផ្ទះ​ឯង​វិញ ដោយ​ផ្តាច់‌ផ្តិល​ជន‌ជាតិ​ជា​ច្រើន ក៏​មាន​បាប​ទាស់​នឹង​ព្រលឹង​ឯង​ហើយ

11 ដ្បិត​ថ្ម​ជញ្ជាំង​នឹង​ស្រែក​ចេញ​មក ហើយ​ធ្នឹម​នៅ​កណ្តាល​អស់​ទាំង​គ្រឿង​ឈើ​នឹង​ឆ្លើយ​ទទួល។

12 វេទនា​ដល់​អ្នក​ណា​ដែល​តាំង​ភូមិ ដោយ​កំចាយ​ឈាម ហើយ​សង់​ទី​ក្រុង​ដោយ​ការ​ទុច្ចរិត