ហាបាគូក 3:11-17 KHOV

11 ឯ​ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ ក៏​ឈប់​ទ្រឹង​នៅ ដោយ​ឃើញ​ពន្លឺ​នៃ​ព្រួញ​ទ្រង់​កំពុង​ហោះ​ទៅ និង​ពន្លឺ​ចាំង​ពី​លំពែង​ដ៏​ភ្លឺ‌ផ្លេកៗ​របស់​ទ្រង់

12 ទ្រង់​បាន​យាង​កាត់​ស្រុក​ទៅ ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់ ក៏​កិន​បញ្ជាន់​អស់​ទាំង​សាសន៍​ដោយ​សេចក្ដី​ក្រោធ

13 ទ្រង់​បាន​យាង​ចេញ​មក ដើម្បី​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​បាន​វាយ​អ្នក​ជា​កំពូល​លើ​វង្ស​មនុស្ស​អាក្រក់​ឲ្យ​របួស ក៏​បំផ្លាញ​ទៅ ចាប់​តាំង​ពី​ជើង រហូត​ដល់​កំពូល​ផង -បង្អង់-

14 ទ្រង់​បាន​ចាក់​ទំលុះ​មេ‌ទ័ព​របស់​គេ ដោយ​លំពែង​របស់​ទ្រង់ គេ​បាន​ចេញ​មក​ដូច​ជា​ខ្យល់​កួច ដើម្បី​កំចាត់‌កំចាយ​ទូល‌បង្គំ គេ​ត្រេក‌អរ ចំពោះ​តែ​ការ​ស៊ី​បំផ្លាញ​ពួក​ក្រីក្រ ដោយ​សំងាត់

15 ប៉ុន្តែ​ទ្រង់​បាន​ជាន់​ឈ្លី​សមុទ្រ ដោយ​សេះ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ គឺ​អស់​ទាំង​រលក​ដែល​បោក​ឡើង​យ៉ាង​ធំ។

16 ខ្ញុំ​បាន​ឮ ហើយ​ពោះ​ខ្ញុំ​ក៏​ញ័រ​ប៉ផុក បបូរ​មាត់​ខ្ញុំ​ក៏​ញ័រ​ទទាក់ ដោយ​ឮ​សំឡេង​នោះ មាន​សេចក្ដី​ពុក‌រលួយ​ចូល​ក្នុង​ឆ្អឹង​របស់​ខ្ញុំ ខ្ញុំ​ក៏​ភ័យ‌ញ័រ​នៅ​ក្នុង​ខ្លួន ពី​ព្រោះ​ខ្ញុំ​ត្រូវ​រង់‌ចាំ​ថ្ងៃ​វេទនា​ដោយ​អំណត់ គឺ​រង់‌ចាំ​សាសន៍​ដែល​ទន្ទ្រាន​ចូល បាន​មក​ដល់

17 ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ក៏​ឥត​មាន​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​ផល​នៃ​ដើម​អូលីវ​ក៏​ខាន​មាន ស្រែ​ចំការ​ឥត​បង្កើត​បាន​អាហារ ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល ហើយ​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ