ទីតុស 1:1-6 KHOV

1 សំបុត្រ​ប៉ុល​ខ្ញុំ ជា​បាវ​បំរើ​នៃ​ព្រះ ហើយ​ជា​សាវក​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ សំរាប់​ជា​សេចក្តី​ជំនឿ​ដល់​ពួក​រើស​តាំង​នៃ​ព្រះ និង​សេចក្តី​ចេះ​ដឹង​ខាង​ឯ​សេចក្តី​ពិត ដែល​ត្រូវ​នឹង​សេចក្តី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ

2 ដោយ​សេចក្តី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដែល​ព្រះ​ដ៏​មិន​ចេះ​ភូត ទ្រង់​បាន​សន្យា​មុន​អស់​ទាំង​កល្ប

3 តែ​នៅ​ពេល​កំណត់ នោះ​ទើប​បាន​សំដែង​ចេញ​ឲ្យ​ស្គាល់​ព្រះ‌បន្ទូល​ទ្រង់ ដោយ​ការ​ប្រកាស​ប្រាប់​ដែល​ផ្ញើ​ទុក​នឹង​ខ្ញុំ តាម​បង្គាប់​របស់​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង

4 ខ្ញុំ​ផ្ញើ​មក​អ្នក​ទីតុស ជា​កូន​ពិត​តាម​សេចក្តី​ជំនឿ ដែល​យើង​កាន់​ជា​មួយ​គ្នា សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត មក​អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា ហើយ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា។

5 ខ្ញុំ​បាន​ទុក​ឲ្យ​អ្នក​នៅ​កោះ​ក្រេត ដើម្បី​នឹង​រៀប‌ចំ​ការ​ដែល​នៅ​ខ្វះ ឲ្យ​ស្រួល‌បួល​ឡើង ហើយ​នឹង​តាំង​ឲ្យ​មាន​ពួក​ចាស់‌ទុំ​នៅ​គ្រប់​ទាំង​ទី​ក្រុង

6 គឺ​បើ​មាន​អ្នក​ណា​ដែល​រក​ចាប់​ទោស​មិន​បាន ដែល​មាន​ប្រពន្ធ​តែ​១ ហើយ​មាន​កូន​ចៅ​ជឿ​ដែរ ឥត​មាន​អ្នក​ណា​ចោទ​ប្រកាន់ ថា​ជា​មនុស្ស​ខូច​អាក្រក់ ឬ​រឹង‌ចចេស​អ្វី​ឡើយ នោះ​ត្រូវ​តាំង​គេ​ចុះ ដូច​ជា​ខ្ញុំ​បាន​បង្គាប់​អ្នក​ហើយ