ទីតុស 1:3-9 KHOV

3 តែ​នៅ​ពេល​កំណត់ នោះ​ទើប​បាន​សំដែង​ចេញ​ឲ្យ​ស្គាល់​ព្រះ‌បន្ទូល​ទ្រង់ ដោយ​ការ​ប្រកាស​ប្រាប់​ដែល​ផ្ញើ​ទុក​នឹង​ខ្ញុំ តាម​បង្គាប់​របស់​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង

4 ខ្ញុំ​ផ្ញើ​មក​អ្នក​ទីតុស ជា​កូន​ពិត​តាម​សេចក្តី​ជំនឿ ដែល​យើង​កាន់​ជា​មួយ​គ្នា សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត មក​អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា ហើយ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា។

5 ខ្ញុំ​បាន​ទុក​ឲ្យ​អ្នក​នៅ​កោះ​ក្រេត ដើម្បី​នឹង​រៀប‌ចំ​ការ​ដែល​នៅ​ខ្វះ ឲ្យ​ស្រួល‌បួល​ឡើង ហើយ​នឹង​តាំង​ឲ្យ​មាន​ពួក​ចាស់‌ទុំ​នៅ​គ្រប់​ទាំង​ទី​ក្រុង

6 គឺ​បើ​មាន​អ្នក​ណា​ដែល​រក​ចាប់​ទោស​មិន​បាន ដែល​មាន​ប្រពន្ធ​តែ​១ ហើយ​មាន​កូន​ចៅ​ជឿ​ដែរ ឥត​មាន​អ្នក​ណា​ចោទ​ប្រកាន់ ថា​ជា​មនុស្ស​ខូច​អាក្រក់ ឬ​រឹង‌ចចេស​អ្វី​ឡើយ នោះ​ត្រូវ​តាំង​គេ​ចុះ ដូច​ជា​ខ្ញុំ​បាន​បង្គាប់​អ្នក​ហើយ

7 ដ្បិត​គួរ​ឲ្យ​អ្នក​ដែល​ត្រួត​ត្រា​បាន​ឥត​សៅ‌ហ្មង ដូច​ជា​អ្នក​ជំនួយ​របស់​ព្រះ​ដែរ មិន​ត្រូវ​មាន​ចិត្ត​មានះ ឆាប់​ខឹង ចំណូល​ស្រា ច្រឡោត ឬ​ស៊ី​សំណូក​ឡើយ

8 ត្រូវ​មាន​ចិត្ត​ចៅ‌រ៉ៅ ស្រឡាញ់​ការ​ល្អ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​សុចរិត បរិសុទ្ធ ដឹង​ខ្នាត​វិញ

9 ព្រម​ទាំង​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល​ដ៏​ពិត ដូច​ជា​បាន​បង្រៀន​មក​យើង​ហើយ ដើម្បី​ឲ្យ​អាច​នឹង​កំសាន្ត​ចិត្ត​គេ ដោយ​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ហើយ​ឲ្យ​បាន​ផ្ចាញ់​ដល់​ពួក​អ្នក​ដែល​ស្រដី​ទទឹង