ភីលីព 1:19-25 KHOV

19 ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​បាន​ត្រឡប់​ជា​សេចក្តី​សង្គ្រោះ​ដល់​ខ្ញុំ​វិញ ដោយ​អ្នក​រាល់​គ្នា​អធិស្ឋាន​ឲ្យ​ខ្ញុំ ហើយ​ដោយ​ព្រះ​ទ្រង់​ប្រទាន​ព្រះ‌វិញ្ញាណ នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ​មក​ជួយ​ផង

20 តាម​សេចក្តី​ដែល​ខ្ញុំ​ទន្ទឹង​ចាំ ហើយ​សង្ឃឹម​អស់​ពី​ចិត្ត​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ដំកើង​ព្រះ‌គ្រីស្ទ​ក្នុង​រូប‌កាយ​ខ្ញុំ​វិញ ដោយ​ចិត្ត​ក្លាហាន​គ្រប់​ជំពូក ក្នុង​ពេល​ឥឡូវ​នេះ​ចុះ ដូច​ជា​ពី​ដើម​រៀង​មក​ដែរ ទោះ​រស់​ឬ​ស្លាប់​ក្តី

21 ដ្បិត​ឯ​ខ្ញុំ ដែល​ខ្ញុំ​រស់​នៅ នោះ​គឺ​សំរាប់​ព្រះ‌គ្រីស្ទ​ទេ ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​វិញ

22 ប៉ុន្តែ​បើ​រស់​ខាង​ឯ​សាច់​ឈាម និង​នាំ​ឲ្យ​ការ​ខ្ញុំ​កើត​ផល នោះ​ខ្ញុំ​មិន​ដឹង​រើស​យក​ខាង​ណា​ទេ

23 ខ្ញុំ​មាន​សេចក្តី​បណ្តាល​ទាំង​សង​ខាង ក៏​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ដែល​ល្អ​ជា​ជាង​នោះ​ផង

24 តែ​បើ​ខ្ញុំ​នៅ​ក្នុង​សាច់​ឈាម​ត​ទៅ​ទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជា​ជាង

25 ហើយ​ដោយ​ហេតុ​ដែល​ខ្ញុំ​ជឿ​សេចក្តី​នោះ​យ៉ាង​ពិត​ប្រាកដ បាន​ជា​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ត​ទៅ​ទៀត ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿន​ជឿន​ឡើង ហើយ​ឲ្យ​មាន​សេចក្តី​អំណរ ដោយ‌សារ​សេចក្តី​ជំនឿ​ផង