2 អ្នករាល់គ្នាសង្វាតចង់បាន តែមិនបានទេ អ្នករាល់គ្នាសំឡាប់គេ ហើយមានចិត្តច្រណែន តែពុំអាចនឹងបានឡើយ ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា តែមិនបានអ្វីសោះ ពីព្រោះមិនសូម
3 អ្នករាល់គ្នាក៏សូមដែរ តែមិនបានទេ ដ្បិតសេចក្ដីសំណូមនោះបែបអាក្រក់ សំរាប់នឹងចាយបំពេញសេចក្ដីសំរើបរបស់អ្នករាល់គ្នាវិញ
4 ឱពួកកំផិតទាំងប្រុសទាំងស្រីអើយ តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកីយ៍ នោះគឺជាស្អប់ដល់ព្រះហើយ ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសំឡាញ់នឹងលោកីយ៍ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ
5 ឬតើអ្នករាល់គ្នាស្មានថា គម្ពីរសំដែងចេញជាឥតប្រយោជន៍ឬអី រីឯព្រះវិញ្ញាណដែលបានសណ្ឋិតនៅក្នុងយើង ទ្រង់រំឭកដល់យើង ដោយមានព្រះហឫទ័យប្រចណ្ឌ
6 តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើង ហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ»
7 ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ
8 ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ ឱពួកមានបាបអើយ ចូរលាងដៃឲ្យស្អាតចុះ ឱពួកអ្នកមានចិត្ត២អើយ ចូរសំអាតចិត្តឡើង