យ៉ាកុប 5:5-11 KHOV

5 អ្នក​រាល់​គ្នា​បាន​នៅ​លើ​ផែនដី បែប​ប្រសើរ​រុងរឿង តាម​តែ​ចិត្ត​សំរើប​ស្រើប ទាំង​ចំអែត​ចិត្ត ដូច​ជា​នៅ​ថ្ងៃ​សំឡាប់​សត្វ

6 អ្នក​រាល់​គ្នា​បាន​កាត់​ទោស ក៏​បាន​សំឡាប់​មនុស្ស​សុចរិត តែ​គេ​មិន​បាន​ត‌យុទ្ធ​នឹង​អ្នក​រាល់​គ្នា​វិញ​សោះ។

7 បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ ដរាប​ដល់​ព្រះ‌អម្ចាស់​ទ្រង់​យាង​មក មើល អ្នក​ធ្វើ​ស្រែ គេ​រង់‌ចាំ​ផង​វិសេស ដែល​កើត​ពី​ដី​មក ដោយ​សេចក្ដី​អត់‌ធ្មត់ ទាល់​តែ​បាន​ភ្លៀង​ធ្លាក់​មក​ខាង​ដើម​រដូវ និង​ចុង​រដូវ​ផង

8 ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អត់‌ធ្មត់​ដូច្នោះ​ដែរ ទាំង​តាំង​ចិត្ត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ

9 បង​ប្អូន​អើយ កុំ​ឲ្យ​រទូ‌រទាំ​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ក្រែង​មាន​ទោស មើល​ចៅ‌ក្រម លោក​ឈរ​នៅ​មាត់​ទ្វារ​ហើយ

10 បង​ប្អូន​អើយ ចូរ​យក​ពួក​ហោរា ដែល​បាន​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទុក​ជា​គំរូ​ពី​សេចក្ដី​ទុក្ខ​លំបាក និង​ពី​សេចក្ដី​អត់‌ធ្មត់​ចុះ

11 មើល យើង​ហៅ​ពួក​អ្នក​ដែល​ទ្រាំទ្រ ថា​ជា​អ្នក​មាន​ពរ ចុះ​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ ពី​សេចក្ដី​អត់​ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា និង​សេចក្ដី​អាណិត‌អាសូរ​ពោរ‌ពេញ​ដែរ