36 ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ។
37 លុះព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះហើយ នោះទ្រង់ក៏យាងចេញទៅ ហើយបានកំបាំងពីគេ ប៉ុន្តែ ទោះបើទ្រង់បានធ្វើទីសំគាល់ នៅមុខគេជាច្រើនទាំងម៉្លេះក៏ដោយ គង់តែគេមិនបានជឿដល់ទ្រង់ដែរ
38 ដើម្បីឲ្យពាក្យរបស់ហោរាអេសាយបានសំរេច ដែលទាយថា «ព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្តីដែលយើងខ្ញុំប្រាប់ ហើយតើព្រះហស្តព្រះអម្ចាស់បានបើកសំដែងមក ឲ្យអ្នកណាឃើញ»
39 គឺដោយហេតុនោះបានជាគេជឿពុំបាន ពីព្រោះលោកអេសាយក៏ទាយទៀតថា
40 «ទ្រង់បានធ្វើឲ្យភ្នែកគេខ្វាក់ ហើយឲ្យចិត្តគេរឹង ក្រែងភ្នែកគេមើលឃើញ ចិត្តគេយល់ ហើយគេប្រែគំនិត ដើម្បីឲ្យអញបានប្រោសឲ្យជា»
41 លោកអេសាយមានប្រសាសន៍សេចក្តីទាំងនេះ ពីព្រោះលោកបានឃើញសិរីល្អទ្រង់ ហើយក៏ទាយពីទ្រង់
42 ប៉ុន្តែ នៅក្នុងពួកនាម៉ឺន ក៏មានជាច្រើននាក់បានជឿដល់ទ្រង់ដែរ តែគេមិនហ៊ានប្រាប់ដល់អ្នកណាសោះ ដោយព្រោះពួកផារិស៊ី ក្រែងត្រូវកាត់ចេញពីពួកជំនុំគេទៅ