យ៉ូហាន 12:44-50 KHOV

44 ព្រះ‌យេស៊ូវ​ទ្រង់​បន្លឺ​ឡើង​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មិន​មែន​ជឿ​ដល់​ខ្ញុំ គឺ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ

45 ហើយ​អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​ឃើញ​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ

46 ខ្ញុំ​បាន​មក​ក្នុង​លោកីយ៍​ជា​ពន្លឺ​ភ្លឺ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ត្រូវ​នៅ​ក្នុង​សេចក្តី​ងងឹត​ឡើយ

47 បើ​អ្នក​ណា​ឮ​ពាក្យ​ខ្ញុំ តែ​មិន​ជឿ នោះ​ខ្ញុំ​មិន​កាត់​ទោស​គេ ដ្បិត​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​កាត់​ទោស​ដល់​លោកីយ៍​ទេ គឺ​មក​ប្រយោជន៍​នឹង​សង្គ្រោះ​វិញ

48 អ្នក​ណា​ដែល​វៀរ​បង់​ចោល​ខ្ញុំ ហើយ​មិន​ទទួល​ពាក្យ​ខ្ញុំ អ្នក​នោះ​មាន​ចៅ‌ក្រម​ដែល​កាត់​ទោស​ខ្លួន​ហើយ គឺ​ជា​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​ឯង ពាក្យ​នោះ​នឹង​កាត់​ទោស​ដល់​គេ នៅ​ថ្ងៃ​ចុង​បំផុត

49 ដ្បិត​ខ្ញុំ​មិន​បាន​និយាយ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះ‌វរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​បាន​បង្គាប់​ខ្ញុំ ពី​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​និយាយ ហើយ​ពី​ពាក្យ​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​វិញ

50 ខ្ញុំ​ក៏​ដឹង​ថា សេចក្តី​ដែល​ទ្រង់​បង្គាប់​មក​នោះ ជា​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដូច្នេះ សេចក្តី​អ្វី​ដែល​ខ្ញុំ​និយាយ នោះ​ខ្ញុំ​និយាយ​តាម​ដែល​ព្រះ‌វរ‌បិតា​បាន​ប្រាប់​មក។