យ៉ូហាន 13:28-34 KHOV

28 ប៉ុន្តែ ក្នុង​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ គ្មាន​អ្នក​ណា​ដឹង​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​វា ដោយ​ហេតុ​អ្វី​ទេ

29 ខ្លះ​ស្មាន​ថា ដោយ​ព្រោះ​យូដាស​កាន់​ថង់​ប្រាក់ បាន​ជា​ព្រះ‌យេស៊ូវ ទ្រង់​ប្រាប់​ឲ្យ​វា​ទៅ​ទិញ​អីវ៉ាន់​អ្វី​នីមួយ ដែល​ត្រូវ​ការ​សំរាប់​បុណ្យ​នោះ ឬ​ឲ្យ​វា​ចែក​ទាន​អ្វី​ដល់​ពួក​អ្នក​ក្រីក្រ

30 កាល​វា​បាន​ទទួល​ចំណិត​នំ​នោះ វា​ក៏​ចេញ​ទៅ​ជា​១​រំពេច ពេល​នោះ យប់​ហើយ។

31 កាល​វា​ចេញ​ផុត​ទៅ នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ កូន​មនុស្ស​បាន​ដំកើង​ឡើង​ហើយ ព្រះ​ក៏​បាន​ដំកើង​ឡើង​ក្នុង​កូន​មនុស្ស​ដែរ

32 បើ​សិន​ជា​ព្រះ​បាន​ដំកើង​ឡើង​ក្នុង​កូន​មនុស្ស នោះ​ទ្រង់​នឹង​ដំកើង​កូន​មនុស្ស​ឡើង​ក្នុង​ព្រះ‌អង្គ​ទ្រង់​ដែរ ក៏​នឹង​ដំកើង​កូន​មនុស្ស​ឡើង​ជា​១​រំពេច​ផង

33 ឱ​កូន​រាល់​គ្នា​អើយ ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ដល់​ពួក​សាសន៍​យូដា​រួច​ហើយ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ ឥឡូវ​នេះ ខ្ញុំ​ក៏​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ

34 ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ