33 ឱកូនរាល់គ្នាអើយ ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ អ្នករាល់គ្នានឹងរកខ្ញុំ តែដូចជាខ្ញុំបានប្រាប់ដល់ពួកសាសន៍យូដារួចហើយថា កន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ ឥឡូវនេះ ខ្ញុំក៏ប្រាប់ដល់អ្នករាល់គ្នាដូច្នោះដែរ
34 ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ
35 គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក។
36 ស៊ីម៉ូន-ពេត្រុសទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទ្រង់យាងទៅឯណា ព្រះយេស៊ូវទ្រង់ឆ្លើយថា កន្លែងដែលខ្ញុំទៅ នោះអ្នកពុំអាចនឹងទៅតាម ក្នុងគ្រាឥឡូវនេះបានទេ លុះគ្រាក្រោយទើបអ្នកនឹងទៅបាន
37 ពេត្រុសទូលទ្រង់ថា ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំទៅតាម ក្នុងគ្រានេះពុំបាន ទូលបង្គំស៊ូតែប្តូរជីវិតជំនួសទ្រង់
38 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា តើអ្នកនឹងប្តូរជីវិតជំនួសខ្ញុំឬ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា មាន់មិនរងាវទៀត ទាល់តែអ្នកបានប្រកែក៣ដង ថាមិនស្គាល់ខ្ញុំ។