យ៉ូហាន 16:17-23 KHOV

17 ដូច្នេះ មាន​ពួក​សិស្ស​ទ្រង់​ខ្លះ​និយាយ​គ្នា​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង​ថា «នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ» ហើយ​ដែល​ថា «ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរ‌បិតា» នេះ​តើ​មាន​ន័យ​ដូច​ម្តេច

18 ហេតុ​នោះ​បាន​ជា​គេ​និយាយ​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «នៅ​បន្តិច​ទៀត» ដូច្នេះ នោះ​ចង់​ថា​ដូច​ម្តេច យើង​ស្តាប់​មិន​បាន​ទេ

19 ព្រះ‌យេស៊ូវ​ក៏​ជ្រាប​ថា គេ​ចង់​សួរ​ទ្រង់ បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា តើ​អ្នក​អ្នក​រាល់​គ្នា​សាក​សួរ​គ្នា​ពី​ពាក្យ​ដែល​ខ្ញុំ​ថា នៅ​បន្តិច​ទៀត នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ឬ​អី

20 ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ៍​នឹង​អរ​សប្បាយ​ឡើង អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្តី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្តី​អំណរ​វិញ

21 ឯ​ស្ត្រី កាល​ណា​ហៀប​នឹង​សំរាល​កូន នោះ​តែង​ព្រួយ​ចិត្ត ព្រោះ​ដល់​កំណត់​ហើយ តែ​កាល​ណា​សំរាល​រួច​មក នោះ​លែង​នឹក​ពី​សេចក្តី​វេទនា​នោះ​ហើយ ពី​ព្រោះ​មាន​សេចក្តី​អំណរ ដោយ​ព្រោះ​មាន​កូន​មួយ​កើត​មក​ក្នុង​លោក

22 ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្តី​ព្រួយ​ដូច្នោះ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​នឹង​ឥត​មាន​អ្នក​ណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ

23 នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​សូម​អ្វី​ពី​ខ្ញុំ​ទៀត ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ ដែល​អ្នក​រាល់​គ្នា​នឹង​សូម​ដល់​ព្រះ‌វរ‌បិតា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ