24 តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញពិត។
25 ខ្ញុំនិយាយសេចក្តីទាំងនេះដល់អ្នករាល់គ្នា ដោយពាក្យប្រៀបធៀប តែនឹងមានពេលវេលាមក ដែលខ្ញុំនឹងមិននិយាយនឹងអ្នករាល់គ្នា ដោយពាក្យប្រៀបធៀបទៀតទេ គឺនឹងនិយាយនឹងអ្នករាល់គ្នាពីព្រះវរបិតាយ៉ាងច្បាស់លាស់វិញ
26 នៅថ្ងៃនោះ អ្នករាល់គ្នានឹងសូមដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ
27 ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក
28 ខ្ញុំបានចេញពីព្រះវរបិតាមកមែន ហើយបានមកក្នុងលោកីយ៍ ក៏នឹងចេញពីលោកីយ៍ ទៅឯព្រះវរបិតាវិញទៀត។
29 ពួកសិស្សទូលទ្រង់ថា ហ្ន៎ ម្តងណេះទ្រង់មានព្រះបន្ទូលច្បាស់ហើយ មិនមែនដោយពាក្យប្រៀបធៀបទៀតទេ
30 ឥឡូវនេះ យើងខ្ញុំដឹងថា ទ្រង់ជ្រាបគ្រប់ទាំងអស់ ហើយមិនត្រូវការឲ្យអ្នកណាសួរទ្រង់ទេ ដោយហេតុនេះយើងខ្ញុំជឿថា ទ្រង់បានចេញពីព្រះមកមែន