20 ទូលបង្គំមិនអធិស្ឋាន ឲ្យអ្នកទាំងនេះតែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ
21 ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយ៍បានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត
22 ឯសិរីល្អដែលទ្រង់បានប្រទានមកទូលបង្គំ នោះទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចជាយើងក៏រួមតែមួយដែរ
23 គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកីយ៍បានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន ហើយថា ទ្រង់ស្រឡាញ់គេ ដូចជាស្រឡាញ់ទូលបង្គំដែរ។
24 ឱព្រះវរបិតាអើយ ឯពួកអ្នកដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំចង់ឲ្យគេនៅជាមួយនឹងទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យបានឃើញសិរីល្អ ដែលទ្រង់បានប្រទានមកទូលបង្គំ ដ្បិតទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយ៍រៀងមក
25 ឱព្រះវរបិតាដ៏សុចរិតអើយ លោកីយ៍មិនស្គាល់ទ្រង់ទេ តែទូលបង្គំស្គាល់ទ្រង់ ហើយពួកអ្នកនេះក៏ដឹងថា ទ្រង់បានចាត់ឲ្យទូលបង្គំមកដែរ
26 ទូលបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់ ក៏នឹងសំដែងឲ្យគេស្គាល់តទៅទៀត ដើម្បីឲ្យសេចក្តីស្រឡាញ់ ដែលទ្រង់ស្រឡាញ់ដល់ទូលបង្គំ បាននៅក្នុងគេ ហើយឲ្យទូលបង្គំនៅក្នុងគេដែរ។