9 ទូលបង្គំអធិស្ឋានឲ្យគេ មិនមែនអធិស្ឋានឲ្យលោកីយ៍ទេ គឺឲ្យអស់អ្នកដែលទ្រង់បានប្រទានមកទូលបង្គំវិញ ពីព្រោះគេជារបស់ផងទ្រង់
10 (របស់ទូលបង្គំទាំងអស់ជារបស់ផងទ្រង់ ហើយរបស់ទ្រង់ទាំងប៉ុន្មានក៏ជារបស់ផងទូលបង្គំដែរ) ទូលបង្គំបានថ្កើងឡើងក្នុងគេ
11 អ្នកទាំងនេះនៅក្នុងលោកីយ៍ តែទូលបង្គំមិននៅក្នុងលោកីយ៍ទៀតទេ ទូលបង្គំនឹងទៅឯទ្រង់ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ ឯពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូមទ្រង់រក្សាគេដោយព្រះនាមទ្រង់ផង ដើម្បីឲ្យគេបានរួមគ្នាតែ១ ដូចជាយើងដែរ
12 កាលទូលបង្គំនៅក្នុងលោកីយ៍ជាមួយនឹងគេ នោះទូលបង្គំបានរក្សាគេ ដោយព្រះនាមទ្រង់ដែរ ទូលបង្គំបានរក្សាទុកនូវអស់អ្នក ដែលទ្រង់ប្រទានមកទូលបង្គំ គ្មានអ្នកណាមួយត្រូវវិនាសឡើយ បានវិនាសតែ១នាក់នោះ ដែលបានដំរូវឲ្យត្រូវវិនាសប៉ុណ្ណោះ ដើម្បីឲ្យបានសំរេចតាមបទគម្ពីរ
13 ឥឡូវនេះ ទូលបង្គំទៅឯទ្រង់ តែទូលបង្គំថ្លែងសេចក្តីទាំងនេះ នៅក្នុងលោកីយ៍ ដើម្បីឲ្យគេបានសេចក្តីអំណររបស់ទូលបង្គំ ឲ្យនៅពោរពេញក្នុងខ្លួនគេ
14 ទូលបង្គំបានឲ្យព្រះបន្ទូលទ្រង់ដល់គេ ហើយលោកីយ៍បានស្អប់គេ ពីព្រោះគេមិនមែនជារបស់លោកីយ៍ទេ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយ៍ដែរ
15 ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយ៍ទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្តីអាក្រក់វិញ