យ៉ូហាន 18:16-22 KHOV

16 ឯ​ពេត្រុស គាត់​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ដូច្នេះ សិស្ស​ម្នាក់ ដែល​សំដេច​សង្ឃ​ស្គាល់​នោះ គាត់​ក៏​ចេញ​ទៅ​និយាយ​នឹង​អ្នក​ឆ្មាំ​ទ្វារ រួច​នាំ​ពេត្រុស​ចូល​មក

17 នោះ​បាវ​ស្រី​ដែល​ចាំ​ទ្វារ​និយាយ​ទៅ​ពេត្រុស​ថា អ្នក​ឯង​ជា​សិស្ស​របស់​មនុស្ស​នោះ​ដែរ​ឬ គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​មែន​ទេ

18 ពួក​បាវ និង​ពួក​អាជ្ញា ក៏​ឈរ​នៅ​ទី​នោះ​ដែរ គេ​បាន​ដុត​ភ្លើង​អាំង ព្រោះ​រងា ហើយ​ពេត្រុស​ក៏​ឈរ​អាំង​នៅ​ជា​មួយ​នឹង​គេ។

19 នោះ​សំដេច​សង្ឃ​ក៏​ពិចារណា​សួរ​ព្រះ‌យេស៊ូវ ពី​ដំណើរ​ពួក​សិស្ស និង​សេចក្តី​ដែល​ទ្រង់​បង្រៀន

20 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​លោក​ថា ខ្ញុំ​បាន​និយាយ​នឹង​បណ្តា​មនុស្ស នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សំងាត់​ទេ

21 ហេតុ​អ្វី​បាន​ជា​លោក​សួរ​ខ្ញុំ ចូរ​សួរ​ដល់​ពួក​អ្នក​ដែល​បាន​ស្តាប់​ខ្ញុំ ពី​សេចក្តី​ដែល​ខ្ញុំ​និយាយ​នោះ​វិញ មើល គេ​ដឹង​សេចក្តី​ដែល​ខ្ញុំ​និយាយ​ដែរ

22 កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ នោះ​មាន​ពួក​អាជ្ញា​ម្នាក់ ដែល​ឈរ​នៅ​ទី​នោះ បាន​ទះ​កំផ្លៀង​ព្រះ‌យេស៊ូវ ដោយ​ពាក្យ​ថា ឯង​ឆ្លើយ​ទៅ​សំដេច​សង្ឃ​យ៉ាង​ដូច្នេះ​ឬ