យ៉ូហាន 18:18-24 KHOV

18 ពួក​បាវ និង​ពួក​អាជ្ញា ក៏​ឈរ​នៅ​ទី​នោះ​ដែរ គេ​បាន​ដុត​ភ្លើង​អាំង ព្រោះ​រងា ហើយ​ពេត្រុស​ក៏​ឈរ​អាំង​នៅ​ជា​មួយ​នឹង​គេ។

19 នោះ​សំដេច​សង្ឃ​ក៏​ពិចារណា​សួរ​ព្រះ‌យេស៊ូវ ពី​ដំណើរ​ពួក​សិស្ស និង​សេចក្តី​ដែល​ទ្រង់​បង្រៀន

20 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​លោក​ថា ខ្ញុំ​បាន​និយាយ​នឹង​បណ្តា​មនុស្ស នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សំងាត់​ទេ

21 ហេតុ​អ្វី​បាន​ជា​លោក​សួរ​ខ្ញុំ ចូរ​សួរ​ដល់​ពួក​អ្នក​ដែល​បាន​ស្តាប់​ខ្ញុំ ពី​សេចក្តី​ដែល​ខ្ញុំ​និយាយ​នោះ​វិញ មើល គេ​ដឹង​សេចក្តី​ដែល​ខ្ញុំ​និយាយ​ដែរ

22 កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ នោះ​មាន​ពួក​អាជ្ញា​ម្នាក់ ដែល​ឈរ​នៅ​ទី​នោះ បាន​ទះ​កំផ្លៀង​ព្រះ‌យេស៊ូវ ដោយ​ពាក្យ​ថា ឯង​ឆ្លើយ​ទៅ​សំដេច​សង្ឃ​យ៉ាង​ដូច្នេះ​ឬ

23 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា បើ​ខ្ញុំ​បាន​និយាយ​អាក្រក់ នោះ​ចូរ​ធ្វើ​បន្ទាល់​ពី​សេចក្តី​អាក្រក់​នោះ​ចុះ តែ​បើ​ខ្ញុំ​បាន​និយាយ​ល្អ​វិញ ហេតុ​អ្វី​បាន​ជា​វាយ​ខ្ញុំ

24 នោះ​លោក​អាណ​ឲ្យ​គេ​នាំ​ទ្រង់​ទាំង​ជាប់​ចំណង ទៅ​ឯ​លោក​កៃផា ជា​សំដេច​សង្ឃ​វិញ។