យ៉ូហាន 19:20-26 KHOV

20 មាន​សាសន៍​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌យេស៊ូវ​នោះ​នៅ​ជិត​ទី​ក្រុង ហើយ​ប្រកាស​នោះ គេ​បាន​សរសេរ​ជា​ភាសា​ហេព្រើរ ក្រេក និង​ឡាតាំង

21 ដូច្នេះ ពួក​សង្គ្រាជ​របស់​សាសន៍​យូដា គេ​ជំរាប​លោក​ពីឡាត់​ថា សូម​លោក​កុំ​សរសេរ​ថា នេះ​ជា​ស្តេច​នៃ​សាសន៍​យូដា​ឡើយ សូម​សរសេរ​តាម​វា​និយាយ​វិញ​ថា ខ្ញុំ​ជា​ស្តេច​នៃ​សាសន៍​យូដា

22 លោក​ពីឡាត់​ឆ្លើយ​ថា ឯ​សេចក្តី​ដែល​ខ្ញុំ​សរសេរ នោះ​បាន​សរសេរ​ស្រេច​ទៅ​ហើយ

23 ឯ​ពួក​ទាហាន កាល​បាន​ឆ្កាង​ព្រះ‌យេស៊ូវ​រួច​ហើយ នោះ​គេ​យក​ព្រះ‌ពស្ត្រ​ទ្រង់​ចែក​ជា​៤​ចំណែក ឲ្យ​ម្នាក់ៗ​បាន​១​ចំណែក ក៏​យក​អាវ​វែង​ទ្រង់​ដែរ តែ​អាវ​នោះ​បាន​ត្បាញ​ពី​លើ​ជា​សំពត់​តែ​១ គ្មាន​ថ្នេរ​សោះ

24 ដូច្នេះ គេ​និយាយ​គ្នា​ថា កុំ​ហែក​អាវ​នេះ​ឡើយ ចូរ​យើង​ចាប់​ឆ្នោត​វិញ ឲ្យ​បាន​ដឹង​ជា​អាវ​នេះ​នឹង​ទៅ​ជា​របស់​អ្នក​ណា នោះ​ដើម្បី​ឲ្យ​បាន​សំរេច​បទ​គម្ពីរ​ដែល​ថា «គេ​បាន​យក​សំលៀក‌បំពាក់​ទូល‌បង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូល‌បង្គំ គេ​យក​ដោយ​ចាប់​ជា​ឆ្នោត» ពួក​ទាហាន​ក៏​ធ្វើ​ដូច្នោះ។

25 ឯ​មាតា​ព្រះ‌យេស៊ូវ ប្អូន​ស្រី​មាតា​ទ្រង់ ម៉ារា ជា​ប្រពន្ធ​ក្លូប៉ាស និង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា គេ​ឈរ​នៅ​ជិត​ឈើ​ឆ្កាង​ទ្រង់

26 ព្រះ‌យេស៊ូវ​ក៏​ឃើញ​មាតា​ទ្រង់ និង​សិស្ស​ម្នាក់​ដែល​ទ្រង់​ស្រឡាញ់ កំពុង​ឈរ​នៅ​ទី​នោះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា មាតា​អើយ នុ៎ះ​ន៏ កូន​របស់​មាតា