យ៉ូហាន 20:17-23 KHOV

17 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះ‌វរ‌បិតា​ខ្ញុំ​នៅ​ឡើយ ចូរ​នាង​ទៅ​ឯ​ពួក​បង​ប្អូន​ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ‌វរ‌បិតា​ខ្ញុំ ជា​ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ

18 នោះ​ម៉ារា-ម៉ាក់‌ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​មក​នាង។

19 នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ​ឯង លុះ​ព្រលប់​ហើយ កាល​ទ្វារ​ទាំង​អស់ នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ

20 កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ នោះ​ក៏​បង្ហាញ​ព្រះ‌ហស្ត និង​ចំហៀង​ទ្រង់​ឲ្យ​គេ​មើល ដូច្នេះ ពួក​សិស្ស​មាន​ចិត្ត​ត្រេក‌អរ ដោយ​បាន​ឃើញ​ព្រះ‌អម្ចាស់

21 រួច​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​សេចក្តី​សុខ​សាន្ត ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះ‌វរ‌បិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ

22 ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នោះ រួច​ក៏​ផ្លុំ​លើ​គេ​ទាំង​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ

23 បើ​អ្នក​រាល់​គ្នា​នឹង​អត់​ទោស​បាប​ដល់​អ្នក​ណា នោះ​បាប​គេ​នឹង​បាន​អត់​ទោស​ឲ្យ តែ​បើ​អ្នក​រាល់​គ្នា​នឹង​ប្រកាន់​ទោស​បាប​ចំពោះ​អ្នក​ណា នោះ​បាប​គេ​នឹង​ត្រូវ​ប្រកាន់​ជាប់​វិញ។