យ៉ូហាន 21:19-25 KHOV

19 ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​នឹង​បង្ហាញ​ពី​បែប​យ៉ាង​ណា ដែល​គាត់​ត្រូវ​ស្លាប់ ប្រយោជន៍​ដើម្បី​នឹង​លើក​ដំកើង​ព្រះ កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​ប្រាប់​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ។

20 ប៉ុន្តែ ពេត្រុស​បែរ​ខ្លួន​ទៅ​ឃើញ​សិស្ស​១​នោះ ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ស្រឡាញ់ កំពុង​ដើរ​មក​តាម​ក្រោយ គឺ​ជា​អ្នក​ដែល​ផ្អែក​លើ​ព្រះ‌ឧរា​ទ្រង់ ក្នុង​កាល​ដែល​បរិភោគ នៅ​ពេល​យប់​នោះ ហើយ​បាន​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​នោះ​ដែល​បញ្ជូន​ទ្រង់

21 កាល​ពេត្រុស​បាន​ឃើញ​គាត់ នោះ​ក៏​ទូល​សួរ​ដល់​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ

22 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ

23 ដូច្នេះ ពាក្យ​នោះ​ក៏​ឮ​ខ្ចរ‌ខ្ចាយ​ទួទៅ ក្នុង​ពួក​បង​ប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ ប៉ុន្តែ ព្រះ‌យេស៊ូវ​មិន​បាន​មាន​ព្រះ‌បន្ទូល​ថា គាត់​មិន​ស្លាប់​នោះ​ទេ គឺ​គ្រាន់​តែ​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក​វិញ​ប៉ុណ្ណោះ។

24 គឺ​សិស្ស​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​សេចក្តី​ទាំង​នេះ ព្រម​ទាំង​ចែង​រឿង​ទាំង​នេះ​ទុក​ផង យើង​រាល់​គ្នា​ដឹង​ថា សេចក្តី​បន្ទាល់​របស់​គាត់ នោះ​ពិត​ហើយ

25 មាន​ការ​ជា​ច្រើន​ទៀត ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ​ដែរ ខ្ញុំ​ស្មាន​ថា បើ​នឹង​សរសេរ​ទុក ដោយ​លំដាប់​ត​មក នោះ​លោកីយ៍​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង។ អាម៉ែន។:៚