យ៉ូហាន 21:2-8 KHOV

2 មាន​ស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែល​ហៅ​ថា ឌីឌីម ណាថា‌ណែល ដែល​នៅ​ភូមិ​កាណា​ស្រុក​កាលី‌ឡេ កូន​សេបេដេ​ទាំង​២ និង​ពួក​សិស្ស​២​នាក់​ទៀត នៅ​ជា​មួយ​គ្នា

3 នោះ​ស៊ីម៉ូន-ពេត្រុស​និយាយ​ទៅ​គេ​ថា ខ្ញុំ​ទៅ​នេសាទ​ត្រី គេ​ក៏​ឆ្លើយ​ថា យើង​ទៅ​ដែរ ស្រាប់​តែ​គេ​នាំ​គ្នា​ចេញ​ទៅ​ចុះ​ទូក តែ​យប់​នោះ​គេ​ចាប់​មិន​បាន​អ្វី​សោះ

4 ដល់​ព្រលឹម​ឡើង ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​នៅ​ឆ្នេរ​សមុទ្រ តែ​ពួក​សិស្ស​មិន​ដឹង​ជា​ព្រះ‌យេស៊ូវ​ទេ

5 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា កូន​រាល់​គ្នា​អើយ តើ​មាន​អ្វី​បរិភោគ​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ទេ

6 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ទំលាក់​អួន​ទៅ​ខាង​ស្តាំ​ទូក នោះ​ទើប​បាន ដូច្នេះ គេ​ក៏​ទំលាក់​អួន​ទៅ តែ​ទាញ​មក​វិញ​មិន​រួច ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់

7 នោះ​សិស្ស​១​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ គាត់​និយាយ​នឹង​ពេត្រុស​ថា នេះ​គឺ​ជា​ព្រះ‌អម្ចាស់​ហើយ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឮ​ថា​ជា​ព្រះ‌អម្ចាស់ នោះ​គាត់​ពាក់​អាវ​ក្រវាត់​ខ្លួន ព្រោះ​គាត់​នៅ​ខ្លួន​ទទេ ក៏​លោត​ចុះ​ទៅ​ក្នុង​ទឹក

8 ពួក​សិស្ស​ឯ​ទៀត​បាន​មក​ក្នុង​ទូក​តូច​ទាំង​ដឹក​អួន​ជាប់​បាន​ត្រី ដ្បិត​គេ​មិន‌សូវ​នៅ​ឆ្ងាយ​ពី​គោក​ទេ ប្រហែល​ជា​២០០​ហត្ថ​ប៉ុណ្ណោះ